ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនជាក់ស្តែង ក្រោយពីជនសង្ស័យខាងលើនេះកំពុងតែឈរជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ឆេង ភារ៉ា ហៅអាចេក អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចខណ្ឌយើង បានជិះល្បាតក្នុងភូមិស្ត្រាស ខណៈដែលជិះមកដល់ចំណុចផ្លូវបេតុង ភូមិស្ពានខ្ពស់ ក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងតែឈរជួញដូរ និងចែកចាយគ្រឿងញៀនដោយខុសច្បាប់នៅទីនោះ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដេញតាមនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដោយបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់តូច ជាប្រភេទម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួរទៅជនសង្ស័យខាងលើរួចមក ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយរូបគេលក់ក្នុង មួយកញ្ចប់តម្លៃ ២ម៉ឺនរៀលទៅ ៤ម៉ឺនរៀលក្នុង មួយកញ្ចប់ ដោយរូបគេបានទៅទិញថ្នាំញៀននោះនៅម្តុំរោងចក្រឆ្នាំង ស្ថិតក្នុងខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា ទីតាំងនៅម្តុំរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកនេះ សំបូរទៅដោយទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនទាំងថ្ងៃទាំងយប់ ទោះបីជាមានអាជ្ញាធរ និងសមត្ថកិច្ចចុះទៅបង្ក្រាបយ៉ាងណាក៏ដោយ ក៏ពួកឈ្មួញទាំងអស់នេះមិនខ្លាចអាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់នោះឡើយ។ ពោលគឺពួកឈ្មួញទាំងនោះ នៅតែឈរជួញដូរ និងចែកចាយគ្រឿងញៀនទាំងថ្ងៃទាំងយប់ដូចផ្សារលក់ត្រីអញ្ជឹងដែរ៕

មតិយោបល់