ព័ត៌មានជាតិ

ហាយលែនឌ័រសង្ស័យជាប់ហ្គាជ្រុលទៅបុកប្រុសស្រី៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់!

ភ្នំពេញៈ រថយន្តហាយលែនឌ័រ១គ្រឿងសង្ស័យជាប់ហ្គា បានជ្រុលទៅបុកប្រុសស្រី៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង៣នាក់នោះ ទី១ឈ្មោះ ហ៊ង ចាន់ដា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥ ភូមិភ្នាតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ហែល សុខនី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកណ្តឹង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ និងទី៣ឈ្មោះ ឆែម នីម ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកតាបែក ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់កំពុងឈររៀបចំផ្លែឈើនៅកៀនចិញ្ចើមផ្លូវលេខ២៣០ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកហាយលែនឌ័រ ពណ៌ស ដែលមិនទាន់មានស្លាកលេខផងនោះ បានបើកតាមផ្លូវ២៣០ ចេញពីហ្ការ៉ាសគ្មានយីហោពីលិចទៅកើត ក៏ជ្រុលទៅបុកជនរងគ្រោះទាំង៣នាក់តែម្តង។

ប្រភពដដែលពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថារថយន្តខាងលើបានបើកក្នុងទិសដៅពីលិចទៅកើតសង្ស័យជាប់ហ្គាជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះចំនួន២នាក់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ និង់ម្នាក់ទៀតដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជោរៃ ចំណែករថយន្តបង្ក និងរឺម៉កកង់បី និងកង់ដែលរងការខូចខាតត្រូវបាននគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់