ភ្នំពេញៈ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោកស្រី ប៊ូ ជៀងគួ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយចិននៅតែបន្តជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន។
ជំនួបនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។
លោកស្រីបន្តថា ប្រទេសយើងទាំងពីរតែងតែជួយគ្នាទៅវិញទៅមក ពិសេសថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរតែងផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា ក្នុងនោះមានទាំង លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ផងដែរ។
លោកស្រីបន្តទៀតថា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី១ លើការវិនិយោគនៅកម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីក្នុងឆ្នាំ២០១៥ បានកើនរហូតដល់ជាង ៤ពាន់៤រយលានដុល្លារអាមេរិក ហើយកាលពីពីរឆ្នាំកន្លងទៅ ចិនបានបញ្ជាទិញអង្ករពីកម្ពុជាចំនួន២០ម៉ឺនតោន ទៅថ្ងៃអនាគតចំនួននេះ នឹងកើនឡើងថែមទៀត។ ម្យ៉ាងទៀត តាមរយៈគោលនយោបាយខ្សែរក្រវាត់១ ផ្លូវ១ កាន់តែធ្វើឲ្យអ្នកវិនិយោគចិនចាប់អារម្មណ៍ដល់កម្ពុជា។
លោកស្រីបញ្ជាក់ថា រោងចក្រផលិតស្ករស នៅខេត្តព្រះវិហារ គឺជាការវិនិយោគដ៏ធំមួយរបស់ចិន ហើយសង្ឃឹមថា វានឹងក្លាយជាគំរូមួយ នៃការវិនិយោគរបស់ចិននៅកម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតចិនក៏បានប្រមូលអ្នកវិនិយោគចិនលើផ្នែកកសិកម្មនៅកម្ពុជាទាំងអស់ ដើម្បីបង្កើតជាសមាគមកសិកម្មចិននៅកម្ពុជា ក្នុងគោលបំណងជួយដល់ប្រជាកសិករខ្មែរ លើការជ្រើសរើសពូជ បង្កាត់ពូជដំណាំ និងការកែច្នៃសម្រាប់នាំចេញ។ ទន្ទឹមនឹងនេះ ចិនក៏បានបង្កើតសកលវិទ្យាល័យកសិកម្មមួយ នៅខេត្តក្រចេះ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងខេត្តក្វាងស៊ី បានបង្កើតមជ្ឈមណ្ឌលកសិកម្មគំរូមួយនៅភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកស្រីបញ្ជាក់ទៀតថា តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជនចិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រគោលនយោបាយចិនតែមួយ និងបញ្ហាសមុទ្រចិនខាងត្បូង។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ចិនដែលបានជួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់ផ្នែក គ្រប់វិស័យ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា លោកស្រី ប៊ូ ជៀនគ័រ បានជួយដល់កម្ពុជាច្រើនណាស់ ក្នុងនោះ បានសម្រួលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅប្រទេសចិនស្តីពីនយោបាយខែ្សក្រវ៉ាត់១ ផ្លូវ១ និងបានជួបពិភាក្សាការងារជាមួយលោកអតីតឧបនាយករដ្ឋមន្ត្រី ចិន ហ្ស៉ាង កៅលី ដែលបច្ចុប្បន្ន លោកជាអនុប្រធានរដ្ឋចិន ដែលផ្តល់នូវផ្លែផ្កាយ៉ាងច្រើនលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេស បានជំរុញឲ្យអ្នកវិនិយោគទុនចិនជាច្រើនមកបណ្តាក់ទុននៅកម្ពុជា ក្នុងនោះ យើងបានកត់សម្គាល់លើកិច្ចព្រមព្រៀងរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែក្រុងស៊ីងតាវ ដែលរហូតដល់ពេលនេះ មានកប៉ាល់ដឹកទំនិញចិនបានចូលមកកំពង់ផែក្រុងព្រះសីហនុចំនួនពី២ ទៅ៦ជើងក្នុង១សប្តាហ៍។
ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់លោកស្រី ប៊ូ ជៀងគ័រ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ចថ្មីបន្តទៀត និងពេលលោកស្រីត្រឡប់ទៅប្រទេសចិនវិញ សូមជួយផ្សព្វផ្សាយពីសក្តានុពល និងឱកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ដើម្បីជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា៕
មតិយោបល់