ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូរេពេញផ្លូវ សង្ស័យស្រវឹង បានជ្រុលទៅបុកគ្នារម៉កម៉ូតូកង់បីរបស់គេចំពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសជាប្តីដួលផ្លោងទៅបោកនឹងថ្នល់ បែកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអធ័មនៅនិងកន្លែង។ ចំណែកប្រពន្ធនិងកូនរងរបួសស្រាល ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរសម្រាកព្យាបាល និង សម្ភពផ្សារឈូកមាស ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ខុន ពិសិទ្ធិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងគ្រឿងសង្ហារឹម បច្ចុប្បន្នស្នាក់ភូមិច្រេះ សង្កាត់គោក ឃ្លៀង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៥ ពណ៌ ខ្មៅ បិតស្កុតខាងមុខពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1DF-1989 តាមបណ្តោយផ្លូវលេខ២០១១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយបុរសជាប្ដីសង្ស័យស្រវឹងផងនោះ បានបើករេចង្កូតជ្រុលទៅបុករម៉កម៉ូតូកង់បីរបស់គេចំពីក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលហោះផ្លោងទៅបោកនឹងថ្នល់បែកក្បាលស្លាប់យ៉ាងអាណោចអធ័ម នៅនិងកន្លែងកើតហេតុ ចំណែក ប្រពន្ធនិងកូនបានរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យជាប់និងកន្លែងកើតហេតុនោះផងដែរ។ដោយឡែករម៉កម៉ូតូកង់បីឃើញសភាពការណ៍មិនស្រួល ក៏ប្រញាប់បន្តដំណើទៅមុខទៀត គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក បានចុះមកដល់កន្លែងកើតហេតុនិងបានវាស់វែងហើយបាន ប្រគល់សពជូនសាច់ញាតិជនរងគ្រោះយកតម្កល់ទុកនៅវត្តក្រាំងធ្នង់ ដើម្បីប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់