ភ្នំពេញៈ បុរសចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការដេញតាមឃាត់ខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីពួកគេបានប្រទះនឹងសមត្ថកិច្ចដែលឃាត់ឲ្យពួកគេឈប់ដើម្បីត្រួតពិនិត្យ តែបែរជាពួកគេបើកម៉ូតូរត់ទៅវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចម្ដុំមុខរោងកុនគីរីរម្យចាស់ តាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងទៅតាមសម្តីរបស់បុរស២នាក់ខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពាក់ស្លាកលេខ តាកែវ 1N-7924 ពណ៌ខ្មៅ បានធ្វើដំណើរតាមផ្លូវទើបតែចេញពីធ្វើការ ខណៈមកដល់ស្ពានច្បារអំពៅ ក៏មានសមត្ថកិច្ចបានជិះម៉ូតូមកជិតពួកគាត់ ឲ្យពួកគាត់ឈប់តែពួកគាត់មិនឈប់ ដោយសមត្ថកិច្ចមានទាំងស្លៀកពាក់ស៊ីវិលនិងមានទាំងស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច រួចពួកគាត់បានជិះម៉ូតូរត់តាំងពីស្ពានច្បាអំពៅរហូត មកដល់ចំណុចកើតហេតុខាងលើ តាមបណ្ដោយផ្លូវ ព្រះសីហនុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយធ្វើការសាកសួរហើយឆែកឆេរមិនបានឃើញវត្ថុតាងអី្វទេ តែសមត្ថកិច្ចបានដាក់ខ្នោះបុរសទាំង២នាក់ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុក្រោកពីដំណេកទាំងយប់មកឈរត្រៀបត្រាមើលយ៉ាងព្រោងព្រាតតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់យុវជនទាំង២នាក់ខាងលើ យកទៅសារសួរនៅប៉ុស្តិ៍នគរបាលបឹងព្រលឹតផងដែរ ដោយមិនទាន់ដឹងថាពួកគេមានការជាប់ពាក់ពន្ធ័នឹងបទល្មើសអ្វីមួយនោះទេ ព្រោះសមត្ថកិច្ចកំពុងតែសាកសួរ៕
មតិយោបល់