ព័ត៌មានសុខភាព

បើអ្នកនៅតែធ្វើរឿងទាំងនេះរាល់ថ្ងៃទៀត ប្រយ័ត្នអស់ធ្មេញខានញ៉ាំបាយ!

ធ្មេញ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប ព្រោះវាមិនត្រឹមតែមានតួនាទីបំបែកអាហារប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ស្នាមញញឹមឲ្យកាន់តែស្រស់ស្អាតផងដែរ។ ក៏ប៉ុន្តែ អ្នកមានធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីបានជាអ្នកខំថែទាំធ្មេញរាល់ថ្ងៃហើយ វានៅតែឆាប់ខូចទៀត? តាមពិតទៅមានទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាពធ្មេញ តែមនុស្សភាគច្រើនមិនដឹងខ្លួនឡើយ។

ញ៉ាំរបស់ផ្អែមច្រើនពេក
អាហារដែលមានជាតិផ្អែមច្រើនដូចជា ស្ករគ្រាប់ ការ៉េម ភេសជ្ជៈ… គឺជាបុព្វហេតុដំបូងដែលធ្វើមានបញ្ហាឈឺធ្មេញ ឬដង្កូវស៊ី ព្រោះអាហារទាំងនេះមានផ្ទុកជាតិអាស៊ីតដែលអាចបំផ្លាញធ្មេញ របស់យើងជារៀងរាល់ថ្ងៃ។ ហេតុនេះ សូមកាត់បន្ថយការទទួលទានអាហារដែលមានជាតិផ្អែម ហើយត្រូវដុសធ្មេញឲ្យបានម៉ត់ចត់រៀងរាល់ក្រោយពេលបាយ។

ចូលចិត្តបរិភោគរបស់រឹង
ទោះបីជាអ្នកមានធ្មេញរឹងមាំយ៉ាងណាក៏ដោយ ក៏ប៉ុន្តែប្រសិនបើអ្នកចូលចិត្តទំពារដូចជា ឆ្អឹងខ្ចី ជើងមាន់ អំពៅ… មិនយូរៗមិនឆាប់ច្បាស់ខូចធ្មេញអស់ជាមិនខាន។ ព្រោះការទំពារអាហារឹង ធ្វើឲ្យធ្មេញត្រូវរងនូវសម្ពាធខ្លាំង ហើយធ្មេញអាចឆាប់រង្គើ ឬបាក់បានបើប្រហែស។

បរិភោគអាហារក្តៅ និងត្រជាក់ក្នុងពេលតែមួយ
ការទទួលទានអាហារក្តៅ និងត្រជាក់ក្នុងពេលតែមួយ អាចធ្វើឲ្យធ្មេញមានសុខភាពទន់ខ្សោយ និងងាយឆ្លងមេរោគ។ ជារឿយៗ យើងមានទម្លាប់ទទួលទានអាហារក្តៅដូចជា សាច់អាំង ឬស៊ុប ហើយទទួលទានទឹកកកក្នុងពេលតែមួយ។ នេះហើយគឺជាកំហុសឆ្គងដ៏ធំមួយចំពោះធ្មេញ ដែលអ្នកគួរតែជៀសវាង។

ប្រើឈើចាក់ធ្មេញ
មនុស្សភាគច្រើនចូលចិត្តប្រើ ឈើចាក់ធ្មេញ បន្ទាប់ពីទទួលទានអាហាររួច ប៉ុន្តែតាមពិតទៅវាមិនល្អសម្រាប់ធ្មេញនោះទេ។ ព្រោះការប្រើប្រាស់ឈើចាក់ធ្មេញ អាចធ្វើឲ្យធ្មេញមានចន្លោះប្រហោងធំៗ ហើយឆាប់រង្គើថែមទៀត។ ដូច្នេះ បន្ទាប់ការទទួលទានអាហាររួចអ្នកគួរតែប្រើសំឡីជូតសម្អាតចេញ ឬគ្រាន់តែខ្ពុរមាត់ជាការស្រេច។

ខាំច្រចកដៃ
ទម្លាប់មួយនេះមិនត្រឹមតែគ្មានអនាម័យនោះទេ វាក៏បង្កគ្រោះថា្នក់ដល់ធ្មេញផងដែរ ព្រោះបាក់តេរីអាចជ្រាបចូលទៅតាមរយៈជើងធ្មេញបានយ៉ាងងាយ ហើយបង្កបញ្ហាផ្សេងៗដល់ធ្មេញ។

ដុសធ្មេញខ្លាំងពេក
ទម្លាប់ដុសធ្មេញ ខ្លាំងពេក វានឹងបង្កឲ្យមានគ្រោះថាក់ដល់ធ្មេញ ជាពិសេសអញ្ចាញត្រូវរលាក ។ ការដុសធ្មេញខ្លាំងៗមិនប្រាដកថា អាចជម្រះធ្មេញបានស្អាតនោះទេ ហេតុនេះអ្នកត្រូវដុសថ្នមៗ ហើយត្រូវប្រើច្រាស់ដែលទន់បំផុត៕

ប្រភពៈ soha

មតិយោបល់