ព័ត៌មានជាតិ

មន្រ្តីសូរិយោលដីម្នាក់ ចេញពីស៊ីការនៅអីអន២ ជិះម៉ូតូវង្វេងផ្លូវ ជួបជនសង្ស័យ៣នាក់ដកដាវ គំរាមប្លន់យកម៉ូតូ និងទូរស័ព្ទមួយគ្រឿង

ភ្នំពេញៈ មន្ត្រីសូរិយោលដីខេត្តរតនៈគីរីម្នាក់ ខណៈជិះម៉ូតូមួយគ្រឿងម្នាក់ឯង ចេញពីស៊ីការនៅផ្សារអីអន២ ត្រឡប់ទៅវិញវង្វេងផ្លូវ ស្រាប់តែជួបនឹងជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងស្ទាក់ ដកដាវគំរាមប្លន់យកម៉ូតូ និងទូរស័ព្ទដៃមួយគ្រឿង រួចជិះគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២១៩ ស្ថិតតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ចំណុចម៉ាត់បឹងតាមោក ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះមានឈ្មោះ ឯក តារា ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរជាមន្រ្តីសូរិយោលដីខេត្តរតនៈគីរី ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកអាយខុន ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1AZ-0492 និងទូរស័ព្ទសាំស៊ុងមួយគ្រឿង។

ចំណែកឯជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូម៉ាកស្មាសពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយដាវមួយដើម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានមកចូលរួមមង្គលការកូនមិត្តភក្ដិរបស់ឪពុកជនរងគ្រោះនៅផ្សារអីអន២ សង្កាត់ក្មួញ ខណ្ឌសែនសុខ បន្ទាប់ពីផឹកស៊ីរួចហើយ បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់ទៅផ្ទះវិញ នៅខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា ខណៈជិះម៉ូតូមកដល់ផ្លូវហាន់ណូយ បានបត់ឆ្វេងជិះរហូតដល់ផ្លូវមហាវិថីឈ្នះឈ្នះ បានបត់ឆ្វេងបន្តិច ទើបដឹងថាខ្លួនជិះវង្វេងផ្លូវ ហើយបានឈប់ម៉ូតូដកទូរស័ព្ទមើល Map រកមើលផ្លូវត្រឡប់ទៅផ្ទះវិញ ខណៈដកទូរស័ព្ទមចុចមើល ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់ស្មាសមិនចាំស្លាកលេខ មកឈប់ពីមុខម៉ូតូគាត់ ហើយគ្នាគេម្នាក់ដែលអង្គុយពីក្រោយ បានចុះពីលើម៉ូតូដកដាវគំរាមកាប់ប្លន់យកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿង ម៉ាកសាំស៊ុង រួចនាំជិះគ្នាជិះម៉ូតូគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចនោះឡើយ។

ក្រោយកើតហេតុជនរងគ្រោះ បានរត់ទៅដាក់ពាក្យបណ្តឹង នៅកងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ដើម្បីស្រាវជ្រាវតាមចាប់ខ្លួន មកចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់