ភ្នំពេញៈ បុរសម្នាក់សង្ស័យថាខ្លួនត្រូវថ្នាំសណ្តំរបស់គេ បានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដោយរៀបរាប់ប្រាប់សមត្ថកិច្ចអំពីរឿងហេតុដែលបានកើតឡើងចំពោះរូបគេ ហើយធ្វើឲ្យបាត់ម៉ូតូផងដែរ។
ហេតុការណ៍មកដាក់ពាក្យបណ្តឹងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូទៅមើលគេទាត់បាល់នៅម្តុំទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលជិះម៉ូតូចេញត្រលប់មកផ្ទះវិញ ក៏បានជួបជាមួយជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបបួលរូបគេទៅលេងបុកប៊ីយា ហើយជនរងគ្រោះខាងលើហាក់បីដូចជាទន់ចិត្តត្រូវថ្នាំសណ្តំ ក៏សម្រេចចិត្តឲ្យជនសង្ស័យខាងលើជិះម៉ូតូរបស់គាត់ ហើយជនរងគ្រោះជិះនៅខាងក្រោយបានឌុបគ្នាទៅលេងបុកប៊ីយា ពេលនោះជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណខាងលើបានទិញទឹកក្រូចឲ្យជនរងគ្រោះផឹកមួយកំប៉ុង លុះព្រឹកឡើង ស្រាប់តែដេកស្តូកមិនដឹងខ្លួននៅក្បែរហ្ការាស់សាំងTotalសាលាសាមគ្គីជាស៊ីម ដោយពុំឃើញម៉ូតូរបស់ខ្លួន។
ក្រោយមករូបគេក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ តែដោយសាររឿងនេះកើតឡើងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ទើបសមត្ថកិច្ចប្រាប់ជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងវិញ៕
មតិយោបល់