ព័ត៌មានកីឡា

ចិន ប្រលូកចូលដល់ Premier League ហើយ

អ្នកជំនួញចិនម្នាក់ឈ្មោះ Jisheng Gao ទទួលបានជោគជ័យ ក្នុងការទិញភាគហ៊ុន ៨០% នៅក្រុម Southampton ដែលកំពុងប្រកបអាជីពនៅលីគកំពូលអង់គ្លេស។

តាមរយៈ Sky Sports បានឲ្យដឹងថា ចិនបានចាប់ផ្តើម ចូលប្រឡូកក្នុងវិស័យបាល់ទាត់ នៅ Premier League ហើយ បន្ទាប់ពី ចូលទៅដល់ អ៊ីតាលី និងក្របខ័ណ្ឌ Championship របស់អង់គ្លេស នាពេលកន្លងមកនេះ។ ជាក់ស្តែងណាស់ អ្នកជំនួញចិត្តម្នាក់ ឈ្មោះ Jisheng Gao និងគ្រួសាររបស់គាត់ បានជោគជ័យ ក្នុងការកាន់កាប់ក្រុមបាល់ទាត់ Southampton ចំនួន ៨០% ។ នេះគឺជាការចាប់ផ្តើមប្រឡូក ក្នុងវិស័យបាល់ទាត់ នៃលីគកំពូលរបស់អង់គ្លេស ខណៈពេលមុន មានត្រឹមអារ៉ាប់ ដែលកាន់កាប់ក្រុម Man City និង ថៃដែលកាន់កាប់ក្រុម Leicester City ។

យ៉ាងណាវិញ នេះមិនមែនជាលើកដំបូងឡើយ សម្រាប់លោក Jisheng Gao ក្នុងការតាមទិញក្លិប Southampton នោះ ព្រោះថា អ្នកជំនួញចិន សម្បូរលុយរូបនេះ បានតាមទិញ ក្លិបនេះ តាំងពីខែមករាមកម្លេះ តែមិនទទួលបានជោគជ័យឡើយ ទើបតែពេលនេះលោក អាចយកក្លិប Southampton បាន ក្រោយពីលោកស្រី Katharina Liebherr យល់ព្រមលក់ភាគហ៊ុន ដោយទុកត្រឹម ២០% នោះ។

ដូច្នេះហើយ លោក Jisheng Gao និងក្រុមគ្រួសាររបស់លោក នឹងចូលមកកាន់កាប់ក្រុម Southampton ក្នុងពេលឆាប់ៗនេះ ដែលបង្ហាញឲ្យឃើញថា មហាយក្សចិន កំពុងតែឈានជើងដល់ លីគកំពូល Premier League របស់អង់គ្លេសហើយ។

មតិយោបល់