ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន បញ្ជាឱ្យអនុរក្សពន្ធនាគារនាំខ្លួនជនជាបលចោទចំនួន ២នាក់ ដែលជាមេក្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងពន្ធនាគារព្រៃស មកសាកសួរបន្ថែមទៀតពាក់ព័ន្ធនឹងបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុជាតិញៀនប្រភេទថ្នាំគ្រាប់ WY (មេតំហ្វេតាមីនគ្រាប់) មានចំនួន ១០៣,៦០០គ្រាបផ និងម្ស៉ៅក្រាមប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៣គីឡូក្រាម។
ជនជាប់ចោទដែលត្រូវបញ្ជូនមកសាកសួរនៅព្រឹកនេះទី១ ឈ្មោះ ចាន់ សុភ័ក្រ ប្រុស ៣៦ឆ្នាំ កំពុងជាប់ឃុំនៅពន្ធនាគារPC និងទី២ ឈ្មោះ យិន លាង ឬយ៉ាន់ លាង ៣៦ឆ្នាំ ជនជាតិវៀតណាម កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
គួររំឮកថា កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្ត ក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ស្ពានជ្រោយចង្វារ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌី ធូរ៉ា ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមការចាត់ចែងបញ្ជាផ្ទាល់ពីមេក្លោងធំ ចេញពីក្នុងពន្ធនាគារព្រៃស ដែលលមានឈ្មោះ ចាន់ សុភ័ក្រ ឈ្មោះ យិន លាង ឬយ៉ាន់ លាង និងជនជាតិស្បែកខ្មៅពីរនាក់ទៀត។ ជនសង្ស័យឈ្មោះ ឌី ធូរ៉ា ដែលនៅខាងក្រៅ គឺចាំទទួលបញ្ជាពីមេក្លោងនៅក្នុងគុក ដើម្បីយកគ្រឿងញៀនឱ្យភ្ញៀវដែលបានបញ្ជាទិញទៅមេក្លោងក្នុងគុក។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានរកឃើញ និងដកហូតបានគ្រឿងញៀនប្រភេទថ្នាំគ្រាប់ WY (មេតំហ្វេតាមីនគ្រាប់) ចំនួន ១០៣,៦០០គ្រាប់ និងម្ស៉ៅក្រាមព័ណ៌សថ្លាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ (ម៉ាទឹកកក) ចំនួនជាង ៣គីឡូក្រាម ដែលមានសារធាតុសុទ្ធ ១០០% ៕
មតិយោបល់