ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ ៣០គ្រឿង និងពិន័យបាន៤៣លានរៀល ក្នុងរយៈពេល៣ថ្ងៃ

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ឃាត់រថយន្តធុនធំ ដឹកលើសទម្ងន់ចំនួន៣០គ្រឿង និងផាកពិន័យបានទឹកប្រាក់ប្រមាណ៤៣លានរៀល ក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ នៅខេត្តកណ្ដាល កំពង់ឆ្នាំង ព្រៃវែង ពោធិ៍សាត់ និងរាជធានីភ្នំពេញ។ ការចាប់រថយន្តទាំងនេះ បានធ្វើឡើងគ្រាដែលមន្ត្រីជាន់ខ្ពស់របស់ក្រសួងដោយសហការជាមួយមន្ត្រីពាក់ព័ន្ធនៅតាមស្ថានីយ៍ថ្លឹងរថយន្តចំនួន៥ នៅក្នុងរាជធានីខេត្តទាំង៥ នៅថ្ងៃទី២៥ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។

បើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ ចេញផ្សាយនៅរសៀលថ្ងៃនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ លោក សេង ឈួន អនុរដ្ឋលេខាធិការ សហការជាមួយមន្ត្រីពាក់ព័ន្ធនៅតាមបណ្តាស្ថានីយ៍ចំនួន៥ នៅខេត្តកណ្ដាល កំពង់ឆ្នាំង ព្រៃវែង ពោធិ៍សាត់ និងរាជធានីភ្នំពេញ បើកប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កំណត់ ដោយបានឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន៣០គ្រឿង និងផាកពិន័យជាប្រាក់សរុបចំនួន ៤៣.០៧៣.០០០រៀលគត់។

បន្ទាប់ពីឃាត់រថយន្តដឹកលើសទម្ងន់ទាំង៣០គ្រឿង លោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានធ្វើការអប់រំណែនាំដល់អ្នកបើកបររថយន្តដឹកទំនិញទាំងនោះ កុំឲ្យដឹកទំនិញលើសកម្រិតកំណត់បន្តទៀត និងចូលរួមជាមួយគ្នាដើម្បីថែរក្សាផ្លូវសាធារណៈឲ្យប្រើប្រាស់បានកាន់តែយូរអង្វែង។

ហ្វេសប៊ុកក្រសួងសាធារណការ ក៏បានឲ្យដឹងពីលទ្ធផលលម្អិតសកម្មភាពការងារចុះត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់ ដូចជា នៅថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦ ទី១-ស្ថានីយ៍ឃ្លាំងមឿង (ខេត្តពោធិ៍សាត់) ឃាត់រថយន្តដឹកទំនិញលើសទម្ងន់បាន១១គ្រឿង ទី២-ស្ថានីយ៍លង្វែក (ខេត្តកំពង់ឆ្នាំង) ឃាត់រថយន្តដឹកទំនិញលើសទម្ងន់បាន១១គ្រឿង។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ទី១-ស្ថានីយ៍លង្វែក (ខេត្តកំពងឆ្នាំង) ឃាត់រថយន្តដឹកជ្រូកលើសកំណត់២២តោន ចំនួន១គ្រឿង ទី២-ស្ថានីយ៍អ្នកលឿង (ខេត្តព្រៃវែង) ឃាត់រថយន្តដឹកជ្រូកលើសកំណត់៩តោន ១គ្រឿង និងរថយន្តដឹកបន្លែលើស៤តោន១គ្រឿង ទី៣-ស្ថានីយ៍កំពង់ភ្នំ (ខេត្តកណ្តាល) ឃាត់រថយន្តដឹកជ្រូកលើសទម្ងន់ចំនួន១២តោន ១គ្រឿង និងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ទី១-ស្ថានីយ៍ព្រែកឯង (រាជធានីភ្នំពេញ) ឃាត់រថយន្តដឹកដែក២គ្រឿង ក្នុងនោះ១គ្រឿងៗលើសទម្ងន់កំណត់ជាង៨តោន ទី២-ស្ថានីយ៍អ្នកលឿង (ខេត្តព្រៃវែង) ឃាត់រថយន្តដឹកត្រី២គ្រឿង ដែលមួយគ្រឿងលើសទម្ងន់៤តោន និងមួយគ្រឿងទៀត លើស៦តោន។

ក្នុងឱកាសនេះដែរ លោក សេង ឈួន ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងឈ្មួញដែលជាម្ចាស់រថយន្ដដឹកទំនិញឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងគោលបំណងរក្សាឲ្យបានភាពយូរអង្វែងនៃផ្លូវថ្នល់សាធារណៈ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នានាជូនប្រជាពលរដ្ឋ។

គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅថ្មីៗ រថយន្តដឹកអង្ករមួយគ្រឿង ព្រោះតែដឹកលើសទម្ងន់កំណត់ក៏បានបណ្ដាលឲ្យបែកកង់នៅលើស្ពាន ហើយធ្វើឲ្យខូចកៅស៊ូស្ពានអ្នកលឿង ឬស្ពានស៊ូប៉ាសា រហូតធ្វើឲ្យកើតមានប្រតិកម្មដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់រថយន្តនោះ ព្រមទាំងម្ចាស់រថយន្តយកមកផ្តន្ទាទោសតាមច្បាប់៕

13263783_528768177307527_5920346889816357680_n13312791_528768213974190_3118104522375371850_n13312827_528768147307530_7607902059352504495_n13312908_528768267307518_5112340952976935063_n13315241_528768153974196_4392145783285890586_n13319851_528768227307522_1813152632874904373_n13321757_528768253974186_6152213943420718482_n13321846_528768170640861_935063733121635805_n13321986_528768283974183_2242560835171986362_n13327347_528768200640858_4212558350547981304_n13327628_528768243974187_9046898505752841377_n

មតិយោបល់