ភ្នំពេញៈ នេះអាចនឹងមិនមែនជាករណីលើកទី១នោះទេ ដែលជនជាតិចិន បានផឹកស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ដែលទាំងនេះស្តែងឲ្យឃើញថា ជនជាតិចិនមួយចំនួន នៅមិនទាន់បានគោរពច្បាប់ចរាចរណ៍នៃប្រទេសកម្ពុជានោះទេ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ដោយយោងតាមផេក របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបង្ហោះជាសាធារណៈបានឲ្យដឹងថា មានជនជាតិចិនស្រវឹង បើករថយន្តបុករថយន្តរបស់លោក ដែលកំពុងចតស្ងៀមបណ្តាលឲ្យរងការខូចខាត ដោយការបង្ហោះនោះមានខ្លឹមសារទាំងស្រុងថា៖ «ចិនស្រវឹងជោគជាំបើករថយន្តឡង់គ្រីស័បុកឡានខ្ញុំនៅចតស្ងៀម ។ ចិនតែត្រូវគោរពច្បាប់ស្រុកខ្មែរ បើសិនមិនប៉ះឡានខ្ញុំគេអាចបើកបុកមនុស្សគ្រោះថ្នាក់ ព្រោៈពួកគេស្រវឹងខ្លាំងណាស់៕»
ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាចែកចាយតគ្នា នៅតាមបណ្តាញសង្គមពីម្នាក់ ទៅម្នាក់ ដោយបានរិះគន់ចំៗទៅលើជនជាតិចិនមួយចំនួន ដែលតែងតែផឹកស៊ី និងបង្កគ្រោះថ្នាក់ ក៏ដូចជាបង្កភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមក៏មាន។
គួរបញ្ជាក់បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជនជាតិចិន បើកទៅបុករថយន្តរបស់លោក ឃ្លាំង ហួត ខាងលើនេះគឺកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំណតរថយន្ត សណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈដែលលោកឃ្លាំង ហួត បានចតរថយន្តចូលទៅ ស្ទីម និងហាត់ប្រាណក្នុងសណ្ឋាគារខាងលើ៕
មតិយោបល់