ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយរបស់ប្រជាពលរដ្ឋ តាមដងផ្លូវ ចំនួន២ករណី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យ
-ទី១ឈ្មោះ តុលា ដាវុធ ហៅពុយ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងត្របែក ថ្នាក់ទី១១(ក១) ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-ទី២ឈ្មោះ ឡេង សុផា ហៅប៊យ ភេទ ប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាវ៉េសឡាញ ថ្នាក់ទី១១(ក២) ស្នាក់នៅផ្ទះលេខ៧ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ WANG YU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរពាណិជ្ជករ កាន់លិខិតឆ្លងដែនលេខ-E៩៩២៤៣៧៧៤ ស្នាក់នៅសណ្ឋាគារបាលី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចខាងមុខមជ្ឈមណ្ឌលកំសាន្ដរ៉ុក លើផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយតាមដងផ្លូវរបស់ប្រជាពល រដ្ឋ ចំនួន២ករណី ។
-ករណីទី១លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone ១គ្រឿង) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២ថ្ងៃត្រង់ នៅចំណុចក្បែរគល់ស្ពានឥន្ធូរ ខាងមុខភោជនីដ្ធាន អលមែនសេវេនស៊ី ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។
-និងករណីទី២លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ) នៅចំណុចក្រោយផ្សារអ៊ីអន ផ្លូវសប៊ិត ក្រុមទី៤០ ភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង ៤០នាទី ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារដែលជនរងគ្រោះបាត់បង់រួមមាន៖
-ប្រាក់ដុល្លារ ៩.៧០០ដុល្លារអាមេរិក ប្រាក់ហុងកុង ចំនួនប្រហែល៣.០០០
-ប្រាក់ចិន១.៩០០
-លិខិតឆ្លងដែន ចំនួន១ បណ្ណ័បើកបរប្រទេសចិន ចំនួន១ បណ្ណ័ការងារចំនួន១
-ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាក IPhone ៦s ពណ៌ផ្កាឈូក ចំនួន១ និងម៉ាកសាន់ម៉ី៦ ពណ៌ខ្មៅ ស៊ីមកាតលេខ ២០៨៦១៣២៩០០ លេខប្រទេសចិន ចំនួន១គ្រឿងទៀតផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា សំណុំរឿងនេះ កំពុងស្ថិតនៅក្រោមចំណាត់ការរបស់អ្នកស្រី ម៉ានី ព្រះរាជអាជ្ញារងអមអយ្យសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់