ព័ត៌មានជាតិ

លោក ព្រុំ សំខាន់ ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូនៅផ្សារដើមថ្កូវ

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលធ្វើការដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ និងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ។

ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៤ និង ១០នាទីល្ងាច ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ ៩៨ ផ្លូវលេខ ៩៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា ពេលនេះដែរកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយរូបលោកផ្ទាល់ បានឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងមួយកន្លែងខាងលើនេះ។ដោយក្នុងប្រតិតបត្តិការនេះ កម្លាំងរបស់លោកបានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ ដែលបានលួចលេងដោយខុសច្បាប់នៅខាងក្នុងផ្ទះល្វែងខាងលើនេះ។

លោកក៏បានប្រាប់បន្តទៀតថា ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចនេះដែរគឺបានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានទទួលនូវការរាយការណ៍ប្រាប់អំពីសំណាក់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរខាងទើបឈានទៅដល់ការចុះមកបង្ក្រាបតែម្តង ហើយកម្លាំងរបស់លោកក៏នៅតែបន្តចុះប្រតិបត្តិការបង្ក្រាបរាល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដែលមាននៅក្នុងភូមិសាស្ត្ររបស់លោកឲ្យអស់ផងដែរ។

ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពបានដកហូតទូហ្គេមបាញ់ត្រីទាំង២ទូ នោះយកទៅរក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីរង់ចាំធ្វើការកម្ទេចចោលផងដែរ៕

មតិយោបល់