ភ្នំពេញៈ ពិតជាខ្លាំងមែន គ្រាន់តែរថយន្តក្រុងកៀរឡានខ្លួនរងការខូចខាតប៉ុណ្ណឹងសោះ តែមិនព្រមឈប់ដោះស្រាយ ក៏ទាញកាំភ្លើងដេញបាញ់រថយន្តអស់ជិត១០គ្រាប់ ទើបរថយន្តក្រុងឈប់។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែល៨កន្លះយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនបង្កដែលបាញ់បោះជាច្រើនគ្រាប់ខាងលើនេះ មានឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩(ទាហាន) ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកអ្នកបើករថយន្តក្រុងមានឈ្មោះ ឈឹម គឹមទ្រី អាយុ២៩ឆ្នាំ មុខរបរបើករថយន្តក្រុងក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដក្រុងមួយ បានបើកទៅកៀររថយន្ដព្រូស ក្រោយមករថយន្ដក្រុងខាងលើមិនបានឈប់ដោះស្រាយនោះទេ គឺបន្ដដំណើរទៅមុខទៀត ទើបធ្វើឲ្យម្ចាស់រថយន្ដព្រូសខឹងសម្បារក៏ទាញកាំភ្លើងបាញ់ប្រហារពីក្រោយតែម្ដង ប៉ុន្ដែក្នុងករណីនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ ហើយនៅកន្លែងកើតហេតុសមត្ថកិច្ចបានដកហូតអាវុធខ្លីទំនើប របស់ជនដៃដល់ផងដែរ។
បើតាមជនដែលបាន បាញ់ប្រហារទៅលើរថយន្ដក្រុងនោះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលកើតហេតុ រថយន្ដក្រុងរបស់ក្រុមហ៊ុន «បូព៌ាអាស៊ីដឹកអ្នកដំណើរ» បានបុក រថយន្ដរបស់ខ្លួន ហើយមិនឈប់នោះទេ ទើបខ្លួនដេញតាមពីក្រោយហើយដកកាំភ្លើងបាញ់តែម្ដង ហើយបើគាត់ឈប់ដោះស្រាយមិនអីទេ តែគាត់ឈ្លើយពេកបុកហើយបើករត់ បើកយ៉ាងលឿនទៀតផង ចុះបើទៅបុកគេផ្សេងច្បាស់ជាគ្រោះថ្នាក់យ៉ាងខ្លាំងហើយ។
ចំណែកអ្នកបើករថយន្តក្រុងវិញបានឆ្លើយថា គាត់មិនបានបើករថយន្តក្រុងបុកឬគៀររថយន្តព្រូសនោះទេ គ្រាន់តែគាត់ឃើញរថយន្តព្រូសនោះព្យាយាមបើកវ៉ារថយន្តគាត់ តែវ៉ាមិនផុត ទើបកើតជាកំហឹងដេញបាញ់រថយន្តគាត់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាប់ឃាត់ខ្លួនម្ចាស់រថយន្តព្រូសនឹងអ្នកបើករថយន្តក្រុងយកទៅកាន់ស្នងការរាជធានីភ្នំពេញភ្លាមៗផងដែរ៕
មតិយោបល់