ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបរបស់មន្ត្រីនគរបាល ត្រូវម៉ូតូ PCX បើកបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបមួយគ្រឿង ប៉ះគ្នាជាមួយម៉ូតូ PCX បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់សន្លប់ស្ដូកស្ដឹង កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកជាបួន (មុខសាលាមេត្តយ្យវត្តកោះ) លើផ្លូវ១៧៤ កែងផ្លូវ៦៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប១គ្រឿង ម៉ាក LEXUS RX400 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខនគរបាល 2-1518 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ៦៣ ជាមួយល្បឿនលឿនល្មម។ មកចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវបំបែកជាបួន ស្រាប់តែឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកHonda PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-8999 ធ្វើដំណើរពីលិចមកកើត តាមបណ្ដោយផ្លូវ១៧៤ ក្នុងល្បឿនលឿន និងមិនគោរពស្លាកសញ្ញាចរាចរណ៍ ក៏ជ្រុលទៅបុកចំ ចំហៀងឆ្វេងរថយន្តពេញទំហឹង បណ្ដាលខ្ទាតបុរសទាំងពីរ ទៅលើផ្លូវម្ខាងទៀត រងរបួសធ្ងន់សន្លប់ស្តូកស្តឹងកណ្ដាលផ្លូវ។

ភ្លាមៗនោះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានជួយទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ វត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់