តាកែវៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត១គ្រឿងបើកលឿនដូចហោះ រ៉េចង្កូតធ្លាក់ផ្លូវទៅបុកនឹងគល់ឈើដាច់រថយន្តជា២កំណាត់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ ស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
រថយន្តខាងលើ ម៉ាកកាមរីឆ្លាម ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2K-7066 បើកបរដោយឈ្មោះ ចំរើន ឡុកសៀវហ្វុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិត នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវមកបុកគល់ដើមប្រេងខ្យល់ដែលនៅពីខាងជើងផ្លូវ បណ្តាលឲ្យអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ រីឯរថយន្តខូចខាតធ្ងន់ (ដាច់ជា២កំណាត់)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ចុះមកដល់ធ្វើការទៅតាមនីតិវិធី ចំណែកឯសាកសពបានប្រគល់ជូនឪពុកយកទៅធ្វើបុណ្យទៅតាមប្រពៃណី រីឯវត្ថុតាងរថយន្តត្រូវបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕
មតិយោបល់