ព័ត៌មានបច្ចេកវិទ្យា

បារម្ភពីសុវត្ថិភាព iPhone ខ្លួន? ប្រើគន្លឹះទាំងនេះទៅ!

ទូរសព្ទគឺជាវត្ថុដ៏មានតម្លៃដែលលោកអ្នកតែងដាក់ជាប់ខ្លួនជានិច្ច ពេលទៅណាមកណាម្តងៗ។ វាមិនត្រឹមតែជាឧបករណ៍ប្រើសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែ ក៏សម្រាប់រក្សាទុកនៅឯកសារផ្សេងៗផងដែរ ហើយឯកសារមួយចំនួនទៀតសោតដូចជា រូបថត-វីដេអូ កំណត់ចំណាំ លេខទូរសព្ទ ជាដើម។ល។ ប្រហែលជាមានតម្លៃបន្ថែមពីលើតម្លៃរបស់ទូរសព្ទ។ ម្លោះហើយ លោកអ្នកមួយចំនួនប្រាកដជាមានក្តីបារម្ភពីវា ទោះតិចឬច្រើន។

វិធីការពារសុវត្ថិភាពទូរសព្ទ

សកម្មភាពចោរឆក់ ឬលួចទូរសព្ទ បាននិងកំពុងបង្កក្តីកង្វល់ធំបំផុតរបស់អ្នកប្រើប្រាស់ iPhone។ ជាការពិតណាស់ ដើម្បីការពារសអំពើទាំងនេះ លោកអ្នកអាចបង្កើនការប្រុងប្រយត្ននៅពេលធ្វើដំណើរទៅណាមកណា ជាពិសេស ពេលនៅតាមដងផ្លូវ ឬឋិតក្នុងទីប្រជុំជន។ ប៉ុន្តែ ចុះបើគ្រាណាមួយលោកអ្នកធ្វេសប្រហែស ហើយ iPhone ដ៏មានតម្លៃធ្លាក់ដល់ដៃអ្នកដទៃនោះ? ដើម្បីបង្កាករណីនេះ លោកអ្នកអាចប្រើគន្លឹះពីរខាងក្រោមនេះបាន៖
១- ប្រើ Touch ID: ខណៈប្រព័ន្ធបច្ចេកវិទ្យាចល័តកាន់តែទំនើប វាក៏ផ្តល់នូវមុខងារសុវត្ថិភាពកាន់តែរឹងមាំផងដែរ។ សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone ស៊េរីចាប់ពី 5s ឡើង សូមកុំភ្លេចចាក់សោទូរសព្ទរបស់ខ្លួនជាមួយបន្ទះស្គេនក្រយៅដៃដែលហៅថា Touch ID របស់វាឱ្យសោះ។ ធ្វើដូច្នេះ វានឹងបង្កផលលំបាកដល់អ្នកដែលបានលួច ឬឆក់វា ក្នុងការយកទៅប្រើ ឬលក់បន្តជាមិនខាន។
២- បើកមុខងារ Find My iPhone: បន្ទាប់មក ក៏កុំភ្លេចបើកមុខងារ Find My iPhone ដែរ។ មុខងារនេះ គឺមានសារប្រយោជន៍បំផុត។ វាអាចជួយអ្នកកំណត់ទីតាំងទូរសព្ទកំពុងឋិតនៅតាមប្រព័ន្ធ GPS ហើយបញ្ជូនមកកាន់លោកអ្នកតាមសេវាកម្មឥតគិតថ្លៃ iCloud ផ្តល់ដោយក្រុមហ៊ុន Apple ក្នុងករណីដែលវាត្រូវបានចោរលួច ឬឆក់ទៅបាត់។ ជាក់ស្តែង កន្លងមកមានពីរករណីមកហើយនៅក្នុងទីក្រុងភ្នំពេញយើងនេះ ដែលចោរឆក់ iPhone ពីរករណី ត្រូវបានម្ចាស់របស់វាតាមរកយកមកវិញបាន ដោយសារពួកគេប្រើមុខងារ Find My iPhone នេះ។

គន្លឹះការពារសុវត្ថិភាពទិន្នន័យ

ទិន្នន័យលើទូរសព្ទដូចជា រូបថត-វីដេអូ កំណត់ចំណាំ លេខទូរសព្ទ ឬឯកសារផ្សេងៗជាដើម ប្រហែលជាក៏មានតម្លៃខ្លាំងណាស់ដែរសម្រាប់លោកអ្នក ។ បើដូច្នេះមែន អ្នកគួររកវិធីបង្កាការខូចបង់របស់វាជាមុនដោយអាចធ្វើតាមវិធី៖
១- ចាក់លេខកូដសម្ងាត់: វិធីនេះមានប្រយោជន៍ខ្លាំងចំពោះទិន្នន័យ ក្នុងករណី iPhone លោកអ្នកធ្លាក់ក្នុងដៃអ្នកដទៃ។ ពោល គេនឹងមិនអាចចូលទៅកាន់ឯកសារខាងក្នុងទូរសព្ទបានឡើយ ដរាបណាមិនស្គាល់លេខកូដ ចាក់ដោយលោកអ្នកនោះ។ លោកអ្នកអាចកំណត់លេខសម្ងាត់នេះបាន ក្រោយពេលវាត្រូវលួចតាមរយៈ Find My iPhone ប៉ុន្តែ យល់ល្អ កំណត់វាទុកមុនទៅ ទើបផ្តល់ទំនុកចិត្ត និងសុវត្ថិភាពជាង។
២- ដំឡើងកម្មវិធីកម្ចាត់មេរោគ: លោកអ្នកប្រហែលជាមិនធ្លាប់ឮពីការវាយប្រហាររបស់មេរោគលើទូរសព្ទ iPhone នោះទេ តែនេះក៏មិនមានសេចក្តីថា ទូរសព្ទដែលដំណើរការដោយប្រព័ន្ធ iOS គ្មានមេរោគដែរ។ មេរោគខ្លះវាប្រតិបត្តិការដោយស្ងាត់ៗគ្មានសញ្ញាអ្វីបង្ហាញឡើងឡើយ។ ដូច្នេះ បើលោកអ្នកមានឯកសារសំខាន់រក្សាទុកក្នុងទូរសព្ទ ហើយឧស្សាហ៍ទាញយកកម្មវិធីផ្តេសផ្តាស់មកប្រើ គួរដំឡើងកម្មវិធីកម្ចាត់មេរោគល្អណាមួយទុកទៅ។
៣- កុំធ្វើការ Jailbreak វាឱ្យសោះ: បន្ទាប់មក ជៀសវាងធ្វើការ Jailbreak (ដំឡើងកម្មវិធី Cydia)។ ពិព្រោះ វាគឺជាការបើកផ្លូវឱ្យកម្មវិធីគ្មានប្រភពច្បាស់លាស់អាចជ្រៀតចូលក្នុងទូរសព្ទលោកអ្នកបានដោយងាយ ឬក៏ធ្វើឱ្យប្រព័ន្ធកម្មវិធីនៅលើ iPhone ជាប់គាំង នាំឱ្យខូចបង់ទិន្នន័យក្នុងនោះបាន។
៤- បំប្លែងឯកសារ Backup: ជំហានចុងក្រោយនេះ គឺវាមានប្រយោជន៍ក្នុងការទប់ស្កាត់ការចូលឆែកមើលឯកសារទូរសព្ទរបស់លោកអ្នកពីអ្នកដទៃ បន្ទាប់ពីឯកសារទាំងនោះត្រូវបានទាញយកទៅរក្សាទុកលើអនឡាញ ឬលើកុំព្យូទ័រ។ ដោយវានឹងធ្វើការបំប្លែងឯកសារ Backup នោះ មិនឱ្យអ្នកដទៃអាចបើកមើលបាន តាមរយៈការចាក់នឹងលេខកូដសម្ងាត់កំណត់ឡើងដោយលោកអ្នកផ្ទាល់ (ចំពោះវិធីបំប្លែង ឬ Encrypt ឯកសារ Backup ក្រុមការងារ Post Tech នឹងលើកបង្ហាញនៅពេលក្រោយ)៕

មតិយោបល់