ភ្នំពេញៈ យោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមកិច្ចពិភាក្សាមួយនៅប្រទេសជប៉ុន ក្រោមប្រធានបទស្តីពី “គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី បញ្ហាប្រឈម និងកាលានុវត្តភាពពាណិជ្ជកម្ម”។
ហ្វេសប៊ុកនេះ បានឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់អាស៊ី។ ទោះជាយ៉ាងណា ការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធពីអង្គការពហុភាគីនិងទ្វេភាគីនេះ មិនគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការជាចាំបាច់នៅក្នុងតំបន់អាស៊ីនេះទេ។
វាគ្មិនបានពិភាក្សាអំពីរបៀប ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទើបបង្កើតថ្មី ហៅកាត់ថា (AIIB) ស្ថាប័នដទៃទៀត និងវិស័យឯកជន អាចធ្វើការរួមគ្នាដើម្បីបំពេញតាមតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ី។ ជាមួយគ្នានេះ ក្រុមវាគ្មិនក៏បានពិភាក្សាផងដែរ អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈលឿនរហ័ស ធៀបនឹងការអភិវឌ្ឍប្រកបដោយគុណភាព។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលជប៉ុន គិតជាទឹកប្រាក់ប្រមាណ១១០ពាន់លានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ចំនួនទឹកប្រាក់នេះ បានកើនឡើងដល់២០០ពាន់លានដុល្លារហើយ៕
មតិយោបល់