ព័ត៌មានជាតិ

ផឹកស៊ីជាមួយគ្នាដល់ពេលស្រវឹង ខាងប្រុសកើតមានអារម្មណ៍ ក៏ឡើងទៅបន្ទប់ខាងស្រី មានអីត្រូវបានជាប់ខ្នោះទាំងយប់!

ប៉ៃលិនៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីម្នាក់ ដែលមានបន្ទប់ជួលនៅទល់មុខគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ណាង ភេទប្រុស អាយុជាង២០ឆ្នាំ មុខរបរធ្វើការកាស៊ីណូ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកជនរងគ្រោះមានឈ្មោះ ថ ស ម ភេទស្រី អាយុ៣០ឆ្នាំ មុខរបរធ្វើការកាស៊ីណូម្កុដពេជ្រ ជាមួយជនរងគ្រោះ ដោយស្នាក់នៅភូមិឃុំជាមួយជនរងគ្រោះខាងលើ។

លោក ជុំ វឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុរូបគាត់ និងជនសង្ស័យឈ្មោះ ណាង ព្រមទាំងបងប្អួន បានមកផឹកស៊ីជាមួយគ្នា ដោយមានបន្ទប់ស្នាក់នៅទល់មុខគ្នា។ លោកនាយប៉ុស្ត៍រូបនេះបន្តថា ក្នុងពេលនោះ នារីជនរងគ្រោះ ក៏បានផឹកស៊ីមួយសន្ទុះ រួចចូលទៅដេកមុននៅក្នុងបន្ទប់របស់ខ្លួន ដោយមិនបានចាក់សោទ្វារនោះទេ បន្ទាប់មកស្រាប់តែជនសង្ស័យ បានចូលទៅក្នុងបន្ទប់ជនរងគ្រោះ ហើយបានធ្វើសកម្មភាពចាប់ផ្តួលនារីរងគ្រោះទៅលើគ្រែ ក្នុងគោលបំណងរំលោភសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេច ដោយជនរងគ្រោះបានស្រែកឲ្យអ្នកនៅជាប់បន្ទប់ជាមួយ ឲ្យមកជួយទាន់ពេលវេលា។

ប្រភពដដែលពីលោកនាយប៉ុស្តិ៍ បានបន្តទៀតថា ក្រោយមកនារីជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ស្ទឹងកាច់ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលស្រុកសាលាក្រៅ រៀបចំសំណុំបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់