ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះឃ្លាំងលោក​ឧកញ៉ាមួយកន្លែង បណ្តាលឲ្យខូចខាត​អស់ទាំង​ស្រុង​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណី​គ្រោះ​អគ្គិភ័យ​ឆេះឃ្លាំងមួយកន្លែង​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​ ១០​និង​០០​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្រុម​១​ ភូមិ​សន្សំ​កុសល​៥​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ព្រមទាំង​បំផ្លាញ​សម្ភារ​អស់ទាំង​ស្រុង​ផង​ដែរ ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​ឃ្លាំងជា​លោក​ឧកញ៉ាម្នាក់​ ចំពោះ​មូលហេតុ​ នៃ​ការ​ឆាបឆេះ​ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ ។​

​ក្នុង​ហេតុការណ៍​មួយ​នេះ​ បាន​បំផ្លាញ​ ឃ្លាំង​សង់​ពី​ថ្ម​បេតុង​ប្រក់ស័ង្កសី​ ដែល​មាន​ទំហំ​ ៣០​ម៉ែត្រ​ គុណ​ ៨០​ម៉ែត្រ​ ខូចខាត​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​គ្រប់មុខ​ ទំហំ​ ៣០​ម៉ែត្រ​ គុណ​ ៨០​ម៉ែត្រ​ ចំនួន​ ១​ឃ្លាំង​ រួម​ទាំង​ឆេះ​ទំនិញស្តុក​ទុក​ក្នុង​ឃ្លាំង​អស់ទាំង​ស្រុង​ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ​។​

​សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​២១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១២៦​ឡាន​ ស្មើ​ ៨៤៦​ម៉ែត្រគូប​,​ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ ចំនួន​ ២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ២​ឡាន​ ស្មើ​ ៨​ម៉ែត្រគូប​,​ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វា​ ចំនួន​ ៧​គ្រឿង​ ប្រើប្រាស់​ ទឹក​អស់​ ២១​ឡាន​ ស្មើ​ ១២៦​ម៉ែត្រ​ គូប​,​ រថយន្ត​ពន្លត់​អគ្គិភ័យ​ទីក្រុង​អូ​ឡាំ​ព្យា​ ចំនួន​ ២​គ្រឿង​ ប្រើប្រាស់​ ទឹក​អស់​ ២​ឡាន​ ស្មើ​ ៨​ម៉ែត្រ​ គូប​,​ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​ ស្រា​បៀរ​កម្ពុជា​ ចំនួន​ ១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៥​ឡាន​ ស្មើ​ ៣០​ម៉ែត្រ​ គូប​ ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​ ២​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១ ៕

មតិយោបល់