ព័ត៌មានជាតិ

នេះបានហៅថាខ្លាំង! ក្មេងទំនើង២នាក់ វាយសមត្ថកិច្ចយាមនៅកម្មវិធីប្រគុំតន្ត្រី រត់មិនរួចជាប់ខ្នោះ!!

តាកែវៈ ក្មេងទំនើង២នាក់ បង្កភាពអនាធិបតេយ្យនៅពិធីប្រគុំតន្ត្រីព្រមទាំងវាយមកលើនគរបាលយាមនៅទីនោះ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំងឃាត់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទីតាំងប្រគុំតន្រ្តីផ្សព្វផ្សាយស្រាបៀរ ស្ថិតក្នុងភូមិសូរច័ន្ទ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យជាក្មេងទំនើង២នាក់ ដែលបានធ្វើសកម្មភាពវាយទៅលើភាគី ម្ខាងទៀត មានតែម្នាកឯងមិនស្គាល់អត្តសញ្ញាណ។ ខណៈដែល កម្លាំងនគរបាលការពារនៅគោលដៅ បានចូលទៅធ្វើការអន្តរាគមន៍ ក៏ត្រូវជនសង្ស័យទាំង២នាក់ យកកៅអីជ័រមកវាយលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសត្រង់ក្ដោងច្រមុះ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ក្មេងទំនើងទាំង២នាក់ខាងលើ មានឈ្មោះ លឹម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង និងឈ្មោះ ណន រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង រីឯគូទំនាស់ម្ខាងទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនក្មេងទំនើងទាំង២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់