ព័ត៌មានជាតិ

ចោរមុខពោរ ឆក់កាបូបពីស្រីស្អាតម្នាក់បានសម្រេចគេចមិនរួច ត្រូវគេដាក់ចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ឆក់កាបូបពីស្រីស្អាតម្នាក់បានសម្រេចគេចមិនរួចត្រូវពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខស្ថានីយ៍ទូរទស្សន៍បាយ័ន ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលចាប់បានមានឈ្មោះអ៊ី ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ជ ចន្ថា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មុនពេលកើតហេតុជនរងគ្រោះបានស្ពាយកាបូប មកពីផ្ទះជួលបម្រុងទៅយកប្អូនដែលទៅលក់ខោអាវនៅកន្លែងគេប្រគុំតន្រី្ត លុះដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាក ហុងដា១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ រួចក៏ធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេច តែត្រូវបានជនរងគ្រោះស្រែកផ្អើលប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរបានឃើញនាំគ្នាដេញតាម ភ្លាមនោះជនសង្ស័យដែលអង្គុយពីក្រោយ បម្រុងនឹងចុះរត់គេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋស្ទាក់បានវាយរហូតរងរបួសបែកក្បាល ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

https://youtu.be/zQVubMDpQlg

មតិយោបល់