ព័ត៌មានជាតិ

ពុទ្ធោឪ! ដឹកដៃកូនឆ្លងផ្លូវ ស្រាប់តែត្រូរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង ឪពុកស្លាប់ កូនរបួសធ្ងន់!

កំពង់ចាម: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរស២នាក់ឪពុកកូនកំពុងដឹកដៃគ្នាឆ្លងផ្លូវ បែរជាត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង បណ្តាលឲ្យបុរសជាឪពុកស្លាប់យ៉ាងអាណោចអាធ័ម រីឯកូនប្រុសរងបួសធ្ងន់។ ចំណែករថយន្តរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិ៧ មុខឃ្លោងទ្វាវត្តខ្ចោ ស្ថិតក្នុងភូមិតាកុច ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈដែល បុរស២នាក់ឪពុកនិងកូន បានដឹកដៃគ្នាឆ្លងផ្លូវ ហើយក៏ត្រូវរថយន្ដមិនស្គាល់ម៉ាក បានបើកក្នុងទិសដៅពីកើតទៅលិច ជ្រុលទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់និងរបួសបែបនេះ ចំណែករថយន្តវិញបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ឈឺន ឈិល ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំសូសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ត្រូវជាឪពុកស្លាប់នៅកន្លែងកើតហេតុ) និងទី២-ឈ្មោះ ឈឺន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ជាកូនរបួសធ្ងន់)

ក្រោយកើតហេតុរថយន្តបានបើករត់បាត់ បន្សល់ទុកកាងមួយចំណែក ពណ៌ទឹកប្រាក់ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរករថយន្តបង្កចាត់ការតានីតិវិធីច្បាប់៕

មតិយោបល់