ព័ត៌មានជាតិ

ជិះម៉ូតូឌុបប្រពន្ធកូន ជ្រុលទៅបុករថយន្តដែលបត់ភ្លាមៗ បណ្តាលឲ្យប្តីស្លាប់ ប្រពន្ធកូនរបួសធ្ងន់ស្រាល

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៦ ភូមិអង់ឃ្លាំង ឃំុតាំងក្រសាង ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើម៉ូតូម៉ាកហុងដាវ៉េវសេ១០០ ពណ៌សលាយទឹកមាស ស្លាកលេខ បន្ទាយមានជ័យ 1F-6457 បេីកបរពីជើង ទៅត្បូង ដោយឈ្មោះ គឹម ប៉ាវ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិបាក់ស្នា ឃំុបាក់ស្នា ស្រុកបារាយណ៍ បានជិះឌុបប្រពន្ធនិងកូនចំនួន៣នាក់ទៀតនៅខាងក្រោយ លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តម៉ាកបុកស័រ ពណ៌ខៀវ ស្លាកលេខ ម០១៨៥-ភព៣ (បេីកបរពីត្បូង ទៅជើង ហើយបត់ឆ្វេង) ដោយឈ្មោះ រៀល រ៉ង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិឃុំ កើតហេតុខាងលើ(គេចខ្លួន) ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ប្រពន្ធនិងកូនអាយុ៣ឆ្នាំរបួសធ្ងន់ ចំណែកកូនតូចអាយុ១ខួបរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្ត ទៅរក្សាទុកត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្តបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។

មតិយោបល់