ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកស៊ាំយ៉ុង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបែកជាបួនមិនបន្ថយល្បឿន ក៏បុកគ្នាជាមួយរថយន្តឡិចស៊ីសពេញទំហឹង វិល២ទៅ៣ជុំ រងការខូចខាតយ៉ាងដំណំ តែសំណាងមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីកណ្ដាលអធ្រាត្រឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវកម្ពុជាក្រោម ចំណុចស្តុបសន្ធរម៉ុក ស្ថិតក្នុងសង្កាយ់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្ដីបុរសម្នាក់ ដែលរួមដំណើរនៅក្នុងរថយន្តស៊ាំយ៉ុងបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកស៊ាំយ៉ុង ពណ៌ស បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរចំនួន៥នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូងឆ្ពោះទៅផ្សារដើមគរ ខណៈមកដល់ចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿន បានបុកចំពាក់កណ្ដាល រថយន្តឡិចស៊ីស មួយគ្រឿង ពណ៌ស ដែលកំពុងបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកើត មកលិច បណ្ដាលឲ្យរថយន្តទាំង២គ្រឿង វិល២ទៅ៣ជុំរងការខូចខាត យ៉ាងដំណំដូចគ្នា តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ចំណែកអ្នកបើកបររថយន្តស៊ាំយ៉ុងបានរត់គេចខ្លួនពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់