UN: ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨០នាក់ បានស្លាប់កាលពីសប្តាហ៍មុន ខណៈដែលនាវារបស់ពួកគេបានលិច អំទ្បុងពេលធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់អឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឆ្នាំ ២០១៦ បានបង្ហាញឲ្យឃើញថា មានជនចំណាកស្រុក និងអ្នកភៀសខ្លួនជាច្រើន ត្រូវបានស្លាប់ដោយប្រើប្រាស់ផ្លូវសមុទ្រ ដែលរហូតមកទល់ពេលនេះ មនុស្សចំនួន ២.៥១០ នាក់ បានបាត់បង់ជីវិត បើធៀបទៅនឹងឆ្នាំ ២០១៥ មានមនុស្សស្លាប់ចំនួន ១.៨៥៥ នាក់ និងឆ្នាំ ២០១៤ មាន ៥៧ នាក់ នេះបើតាមលោក Dujarric អ្នកនាំពាក្យរបស់ UN បាននិយាយនៅឯសន្និសីទកាសែតប្រចាំថ្ងៃមួយ។
លោកបានឲ្យដឹងបន្ថែមទៀតថា ផ្លូវសមុទ្រភាគខាងជើងទ្វីបអាហ្វ្រិក និងអ៊ីតាលី ត្រូវបានគេកត់សម្គាល់ឃើញថា ជាផ្លូវដ៏គ្រោះថ្នាក់ជាងគេ ក្នុងដែនសមុស្សមេឌីទែរ៉ាណេ ហើយបើតាមរបាយការណ៍ក្នុងឆ្នាំ ២០១៦នេះ បានឲ្យដឹងថា មានមនុស្សស្លាប់រហូតដល់ចំនួន ២.១១៩ នាក់ ដោយសារការប្រើប្រាស់ផ្លូវឆ្លងមួយនេះ៕
មតិយោបល់