ព័ត៌មានជាតិ

នគរបាល​បង្ក្រាប​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ ផឹកស្រា​ស្រវឹងប្រើ​ពូថៅ​កាប់​បំផ្លាញ​ទៅ​លើ​រថយន្ត​ ១​គ្រឿង​ បណ្តាល​ឲ្យ​ខូចខាត

បាត់ដំបង:​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០​និង​១០​នាទី​ នៅ​ចំណុច​ក្រុម​១៤​ ស្ថិត​ភូមិ​កំពង់​ឆ្លង​ ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ចំនួន​០១​ករណី​ ទៅ​លើ​រថយន្ត​របស់​ឈ្មោះ​ ញ៉ិល​ វាសនា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​១០​ ភូមិ​ស្ល​ក្រាម​ ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ។​

​ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ អនុវត្ត​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏​ដូច​ជា​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ទោ​ យុ​ត​ តុង​ហូ​ អធិការ​នគរបាល​ស្រុក​សង្កែ​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​វត្ត​តា​មិ​ម​ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ មានឈ្មោះ​ ខាន់​ ពិ​សិទ្ធ​ ហៅ​ ទូ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ មុខរបរ​ កម្មករ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្រើ​ពូថៅ​កាប់​បំផ្លាញ​ទៅ​លើ​រថយន្ត​បណ្ដាល​ឲ្យ​រថយន្ដ​ខូចខាត​ត្រង់​ កញ្ចក់​ទ្វា​រថយន្ត​ចំហៀង​ខាងឆ្វេង​ចំនួន​ ០១​ផ្ទាំង​ កញ្ចក់​ពីមុខ​រថយន្ដ​ចំនួន​ ០១​ផ្ទាំង​,​ ដំបូល​រថយន្ត​ខាង​មុខ​ ចំហៀង​ខាងឆ្វេង​ខូចខាត​ជា​ច្រើន​កន្លែង​ ពិតប្រាកដ​មែន​ ក្រោម​មូលហេតុ​ ផឹកស្រា​ស្រវឹង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់