បន្ទាយមានជ័យៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក សៅ សារឿន អធិការរងក្រុងប៉ោយប៉ែតបានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជន២នាក់ បានជិះម៉ូតូស៊ុយសាគីស្មាស់ មួយគ្រឿង ឌុបគ្នាក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសង់ឌ្រីមសង់មួយគ្រឿងផ្សេងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នា បានជ្រុលមកបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសលយុវជនម្នាក់ឈ្មោះ សោ សៅយឿម អាយុ១៧ឆ្នាំ ដែលជាបើកម៉ូតូឌ្រីម ដោយសារអាការៈធ្ងន់ខ្លាំងពេក ក៏បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ រីឯឈ្មោះ កែវ សំអូន និងឈ្មោះ ពៅ ផានិត ដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមង្គលបូរី។
សូមបញ្ជាក់ផងដែរថា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកក៏បានចុះជួយអន្តរាគមន៍ផងដែរដើម្បីឲ្យសមត្ថកិច្ចចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕
មតិយោបល់