ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ចតចោលនៅលើដងផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែកតៃកុងរថយន្តបើកទ្វារត់គេចខ្លួនបាត់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៥០ នាទីយប់ថ្ងៃអង្គារទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចមុខហ្គ្រែនភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ អត លីស្រ៊ាង ហៅក្រៅ តាក់ម៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរជាងមានប្រពន្ធ និងកូនក្នុងផ្ទៃប្រាំ៨ខែ បច្ចុប្បន្នស្នាក់នៅខាងប្រពន្ធ នៅភូមិប្រសិទ្ធិ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3-D 3779 ចតចោលនៅលើចិញ្ចើមផ្លូវខណៈភ្លាមនោះដែរ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាទ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1-FD2309 ចេញពីធ្វើការធ្វើដំណើរ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ចតចោលនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យដួលបោកក្បាល និងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកម៉ូតូវិញ រងការខូចខាត ផ្នែកខាងមុខទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌសែនសុខចុះមកដល់រួចរាយការណ៍បន្ត ទៅឲ្យខាងជំនាញក្រុង ចុះមកវាស់វែងយកម៉ូតូ និងរថយន្តកុងតឺន័រទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយុ ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់