ព្រៃវែងៈ លោកអធិការស្រុកកំពង់ត្របែក បានប្រាប់ Post News ថា យ៉ាងហោចណាស់មានមនុស្សចាស់ក្មេងចំនួន១៦នាក់ កើតមានអាការៈក្អួតចង្អោរ រហូតទន់ដៃទន់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ដោយសង្ស័យថា បណ្តាលមកពីការហូបបបរគ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាកែវ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បញ្ជាក់បន្ថែមថា មុននឹងកើតមានហេតុការណ៍នេះ មុនដំបូងឡើយមានអ្នកភូមិបានធ្វើពិធីសែងផ្ទះ ដោយមានការជុំគ្នាហូបបបរគ្រឿង ក្រោយហូបរួចក៏កើតមានអាការៈក្អួតចង្អោរបែបនេះតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ និងបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។ ក្នុងនោះសមត្ថកិច្ចក៏បាន យកបបរដែលមានការសង្ស័យខាងលើ ទៅធ្វើការពិសោធន៍នៅមណ្ឌលសុខភាពផងដែរ៕
មតិយោបល់