ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ សមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង អាចនាំឲ្យផ្ទុះសង្គ្រាម

កូរ៉េៈ កងទ័ពកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បាននិយាយថា សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង អាចនាំឲ្យមានសង្គ្រាមផ្ទុះឡើង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងរដ្ឋាភិបាលកូរ៉េខាងជើង បានឲ្យដឹងថា ទាហានអាមេរិកជាង ១៧,៥០០ នាក់ និងកូរ៉េខាងត្បូង ៥០,០០០ នាក់ រួមមានទាហានមកពីបណ្ដាលប្រទេសប្រាំបីផ្សេងទៀត ព្រមទាំងទាហានប៉ារ៉ារាប់ពាន់នាក់របស់កូរ៉េខាងត្បូង បានចូលរួមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន ដែលមានរយៈពេល ១០ ថ្ងៃ។

តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «មកទល់ពេលនេះ គ្មាននរណាម្នាក់ អាចអះអាងបានទេថា ការប្រមូលផ្តុំកងកម្លាំងដ៏ធំទាំងនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមិនមែននាំទៅរកសកម្មភាព សង្រ្គាមពិតនោះទេ ខណៈដែលភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ បានកើនទ្បើងដល់កម្រិតខ្ពស់បំផុត» ។

សូមជំរាបថា យោធាអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ឈ្មោះថា Ulchi-Freedom Guardian ចំពេលដែលមានភាពតានតឹងខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េ រួមទាំងការអំពាវនាវម្តងហើយម្តងទៀតពីសំណាក់បណ្ដាលប្រទេសជាច្រើន ឲ្យភាគីទាំងពីរ (អាមេរិក និងកូរ៉េខាងជើង) មានការអត់ធ្មត់។

គួរបញ្ជាក់ដែរថា សមយុទ្ធនេះ ត្រូវបានផ្តួចផ្តើមតាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលខែសីហា ឬកញ្ញា៕

មតិយោបល់