ព័ត៌មានជាតិ

តំណាងអយ្យការនឹងបើកការស៊ើបសួរសំណុំរឿងបាញ់ស្ត្រី នៅខណ្ឌឬស្សីកែវនាព្រឹកស្អែក

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះថា លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ បានទទួលយកសំណុំរឿងដែលមានជនសង្ស័យឈ្មោះ ប៊ូ យូហេង ពាក់ព័ន្ធករណី បាញ់ស្ត្រីម្នាក់នៅហាងហ្គេមបាញ់ត្រី ក្នុងខណ្ឌឬស្សីកែវ ដើម្បីចាត់ការហើយ។

ប្រភពបន្តថា ទោះជាយ៉ាងមកដល់ល្ងាចថ្ងៃនេះ លោក សេង ហៀង នៅមិនទាន់បានបើកការស៊ើបសួរលើជនសង្ស័យខាងនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅជនសង្ស័យឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានដកកាំភ្លើងខ្លីបាញ់លើអ្នកមើលការខុសត្រូវហាងហ្គេមបាញ់ត្រី នៅចំណុចផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រោះតែសុំលុយ ៥០០០រៀល មិនឲ្យ។

ជាអកុសលគ្រាប់កាំភ្លើងនោះបានខ្ទាតទៅចំស្ត្រីជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរ ស៊ីឈ្នួលបោកខោអាវ ឲ្យរងរបួសធ្ងន់ទៅវិញ។ ក្រោយពេលបាញ់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សូមជម្រាបជូនថា កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅបានឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈដែលរូបគេកំពុងជិះម៉ូតូតាមផ្លូវ៕

https://youtu.be/VJ9YhvdVoNU

មតិយោបល់