ភ្នំពេញៈ ជនសង្ស័យម្នាក់ ឆ្លៀតឱកាសទៅលួចកាត់យកស្លាកយីហោ Amazon ដែលគេចងដាក់នៅមុខហាង ខណៈអ្នកយាមឃាត់ខ្លួនបាន បែរជាជនសង្ស័យរូបនោះឆ្លើយថាជា Fan ស្រឡាញ់ខ្លាំងពេក តែចុងក្រោយត្រូវអ្នកយាមប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទាំងកណ្តាលយប់តែម្តង។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួសជុល ក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត តាមបណ្តោយផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សេង សេងម៉ូវ អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅឃុំព្រែកនរិន្ឋ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំណែកសម្ភារៈ ដែលសមត្ថកិច្ចឆែកឆេររកឃើញ ក្នុងកាបូបស្ពាយរបស់ជនសង្ស័យខាងលើរួមមានដូចជា៖ កូនកាំបិតបត់ចំនួន៩, កាំបិតសមុខស្រួច១, ថ្នាំពេទ្យ ,កូនសោមួយចំនួន និងរបស់ផ្សេងៗជាច្រើនទៀត។
ក្រោយសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅប៉ុស្តិ៍ជនសង្ស័យបានឆ្លើយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3784 ហើយមូលហេតុដែលគាត់កាត់យកស្លាកយីហោនេះ ហេតុតែគាត់
ស្រឡាញ់ខ្លាំងពេក ក៏ឆ្លៀតឱកាសលួចទៅកាត់យកមកដេកអោបនឹងទុកចងនៅជញ្ជាំងផ្ទះតែប៉ុណ្ណោះទេ ប៉ុន្តែពេលដែល សមត្ថកិច្ចសួររកផ្ទះបែរជាជនសង្ស័យបាននិយាយថា ផ្ទះនៅឯណា គាត់ឆ្លើយថា ផ្ទះគាត់ផ្កាយ៣ ហើយសមត្ថកិច្ចឲ្យហៅលេខទូរសព្ទ ដើម្បីទាក់ទងទៅក្រុមគ្រួសារ ជនសង្ស័យអង្គុយចុចតែទូរសព្ទលេងទៅវិញ ធ្វើឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកអស់អីនិងនិយាយតែម្តង៕







មតិយោបល់