ព័ត៌មានអន្តរជាតិ

អាមេរិក ស្វាគមន៍ភាពអត់ធ្មត់មួយចំនួនរបស់កូរ៉េខាងជើង ចំពោះកម្មវិធីនុយក្លេអ៊ែរ

អា​មេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃអង្គារបានស្វាគមន៍ ចំពោះកម្រិតនៃភាពអត់ធ្មត់មួយចំនួន ពីសំណាក់កូរ៉េខាងជើង ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយមើលឃើញថា នឹងមានផ្លូវអាចទៅរួច សម្រាប់កិច្ចពិភាក្សានាពេលអនាគត រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅសន្និសីទសារព័ត៌មានមួយ ក្នុងក្រសួងការបរទេស លោក Tillerson បាននិយាយថា «យើងមិនមានការបាញ់មីស៊ីល ឬសកម្មភាពបង្កហេតុណាមួយពីកូរ៉េខាងជើងនោះទេ ចាប់តាំងពីការអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។

ក្នុងនោះលោក បានបន្ថែមថា «លោកមានចិត្តរីករាយជាខ្លាំង នៅពេលឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ពិតជាបានបង្ហាញនូវភាពអត់ធ្មត់មួយចំនួន ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះ ហើយយើងសង្ឃឹមថា វានឹងជាការចាប់ផ្តើមនៃសញ្ញាដែលយើងកំពុងស្វែងរក ជាមួយការត្រៀមរបស់ពួកគេ (កូរ៉េខាងជើង) ដើម្បីទប់ស្កាត់ភាពតានតឹង ឬសកម្មភាពបង្កហេតុណាមួយរបស់ពួកគេ»។

សូមជំរាបថា កាលពីថ្ងៃទី៥ ខែសីហា​ ឆ្នាំ ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយ ដើម្បីដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ជុំវិញការបន្តភាពគឃ្លើនរបស់ខ្លួន ជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប៕

មតិយោបល់