កណ្តាលៈ មនុស្ស២នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូក្នុងស្ថានភាពស្រវឹង ជិះម៉ូតូចូលផ្លូវរថយន្ត បណ្តាលឲ្យទៅបុករថយន្តគេ យ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រែកសំរោង លើផ្លូវលេខ១១៥ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ កែវ ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (របួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ា ហៀង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រៃឆ្លើយ ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត (របួសធ្ងន់)។
នគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-5699 ជិះឌុបគ្នា២នាក់ ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2432 បើកក្នុងទិសដៅពីកើតមកលិចដោយឈ្មោះ ឆោម ស៊ីឡូ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់និងស្រាលតែម្តង។
បច្ចុប្បន្នមធ្យោបាយទាំង២ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់