ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន ៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលស្ថិតនៅត្រង់ចំណុចសំណង់មិនរៀបរយប្រឡាយភ្លោះ ផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ រឿង ចាន់ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងសំណង់ (រក្សារទុកគ្រឿងញៀនចំនួន ២កញ្ចប់) ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២-ឈ្មោះ ឈុន ភារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងឈើ (រក្សាទុកគ្រឿងញៀនចំនួន ១កញ្ចប់) ស្នាក់នៅផ្ទះគ្មានលេខ ផ្លុវបេតុងប្រឡាយភ្លោះ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលចុះបង្ក្រាបទីតាំងខាងលើ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប៉ាក ស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៣កញ្ចប់តូច (ម៉ាទឹកកក) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនពួកគេទាំង ២នាក់ខាងលើទៅប៉ុស្តិ៍នគរបាលស្វាយប៉ាក ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរពួកគេទាំង ២នាក់រួចមក ពួកគេបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយក្នុងនោះ ពួកគេបាននាំគេទៅទិញនៅជិតរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយទិញក្នុងមួយកញ្ចប់តម្លៃ ២៥០០០ម៉ឺនរៀលទៅ ៣៥០០០ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវកម្លាំសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់