ភ្នំពេញៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រៀមប្រសាសន៍សំខាន់ៗ ដើម្បីទ្បើងថ្លែងសុន្ទរកថានៅថ្ងៃស្អែក ក្នុងទិវាបើកវេទិការសេដ្ឋកិច្ចពិភពលោកលើកទី២៥ បន្ទាប់ពីសម្ដេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើដំណើរតាមយន្តហោះរបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១០និង៣៥នាទី ម៉ោងនៅប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង៩និង៣៥នាទីម៉ោងក្នុងប្រទេសកម្ពុជា ជាទីដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបណ្តាមេដឹកនាំសេដ្ឋកិច្ចពិភពលោក អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ដែលនឹងប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១ និងបិទបញ្ចប់នៅរសៀលថ្ងៃទី២មិថុនា។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំសេដ្ឋកិច្ចពិភពលោកដទៃទៀតដែលនោះ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពីអាស៊ាន ក្រោមប្រធានបទ ការរៀបចំរបៀបវារៈអាស៊ាន សម្រាប់ប្រជាជនទាំងអស់និងការរីកចម្រើន នារសៀលថ្ងៃទី១មិថុនា នៅមុនពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី២៦ នៅឆ្នាំ២០១៧ នារសៀលថ្ងៃទី២មិថុនា។ តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបញ្ចប់វេទិកាសេដ្ឋកិច្ចពិភពលោក គឺនៅថ្ងៃទី៣មិថុនា សម្តេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនោះ សមភាគីនៃប្រទេសទាំងពីរកម្ពុជា ម៉ាឡេស៊ី និងធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ ការពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា នឹងធ្វើការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣រួមគ្នា ក្នុងនោះទី១ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីអ្នកស្ម័គ្រចិត្តអន្តរជាតិនៃ MYCORPS នៅប្រទេសកម្ពុជា ទី២ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងការផ្សាយតាមរលកធាតុអាកាស និងទី៣ លិខិតបញ្ជាក់បំណង (Letter of Intent) ដើម្បីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស៍យកសិកម្មក្នុងពេលខាងមុខ៕
មតិយោបល់