ភ្នំពេញៈ បុរសម្នាក់ ដោយសារតែអត់ងងុយ បើករថយន្តមួយគ្រឿង ម៉ាក KIA (K5) ពណ៌ខ្មៅ បានរ៉េចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវទាំងកំរោល បណ្តាលឲ្យវៀចអស់ចំនួន២កង់ ចំណែករថយន្តខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខនឹងក្រសួងមហាផ្ទៃ តាមបណ្តេាយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក KIA (K5) ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-3759 បើកបរដោយបុរសម្នាក់បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកទ្រូងផ្លូវវៀចអស់ចំនួន២កង់ បណ្តាលឲ្យរថយន្តបង្កខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង នៃរថយន្តយ៉ាងដំណំ។
ចំណែកតាកុងរថយន្ត បានបើកទ្វាចុះមកហើយគាត់បានប្រាប់ថា គាត់មិនបានពិសារជាតិស្រវឹងទេ តែដោយសារតែងោកមួយភាំង ទើបបណ្តាលឲ្យរថយន្តរបស់គាត់រេចង្កូតមកបុកទ្រូងផ្លូវ បោកក្បាលនឹងកញ្ចក់របួសស្រាល តែមិនបង្កឲ្យអ្នកដ៏ទៃមានរបួសនោះទេ ។
ក្រេាយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកចុះមកវាស់វែងនឹងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់