ភ្នំពេញៈ ជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេស តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ កែងនិងផ្លូវលេខ៥៧ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនបាន ទី១ឈ្មោះ លឹម សុខសាន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូធ្វើសកម្មភាពម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL-5602 និងទី២ មានឈ្មោះ ពៅ បេនដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានឃើញជនសង្ស័យ២នាក់ខាងលើធ្វើសកម្មភាពជិះម៉ូតូមកឆក់កាបូបជនជាតិបរទេស ដែលជិះលើរ៉ឺម៉កម៉ូតូ តែមិនបានសម្រេច និងបណ្ដាលឲ្យដួល ធ្វើឲ្យពួកគាត់នៅក្បែរនោះសហការគ្នាជួយចាប់ និងស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដាក់ខ្នោះតែម្ដង។
ក្រោយកើតហេតុ ជនរងគ្រោះ ដែលជាជនជាតិបរទេសបានធ្វើដំណើរបន្តទៅបាត់ ដោយមិនបានដាក់ពាក្យបណ្ដឹងនោះឡើយ។ ចំណែកជនសង្ស័យ២នាក់ រួមជាមួយនិងម៉ូតូ១គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ដើម្បីសាកសួរ ហើយកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌចំការមន ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់