កណ្តាលៈ ជនសង្ស័យ២នាក់ដែលចរាចរ រូបិយបណ្ណក្លែងក្លាយត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន។
ប្រតិបត្តិការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រញ៉ូអាក់ឃីត ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ទូច ង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កកង់៣ រស់នៅភូមិក្បាលរមាស ឃុំមហាឫស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ និងទម្នាក់ទៀតឈ្មោះ ហង្ស រក្សា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនៅម្តុំពោធិចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន លុយដុល្លារក្រដាស២០ដុល្លារ ចំនួន៨សន្លឹក។
ប្រភពដដែលពីលោកអធិការបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យបានចូលមកបន្លំដោយយកលុយដុល្លារ ក្រដាស់២០ដុល្លារក្លែងក្លាយទៅទិញនំត្នោត និងសាច់ជ្រូកនៅមុខរោងចក្រខាងលើ ពេលនោះជនរងគ្រោះគ្មានលុយអាប់ហើយយកលុយទៅប្តូរ ទើបដឹងថាលុយក្លែងក្លាយពេលនោះជនសង្ស័យឈ្មោះ ហង្ស រក្សា បានដណ្តើមលុយនោះមកហែកចោល ទើបផ្អើលដឹងដល់សមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការស្រុក ដើម្បីកសាងឯកសារ ទៅតាមផ្លូវច្បាប់៕
មតិយោបល់