ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថវិកាជាង២៥ម៉ឺនដុល្លារ របស់ជប៉ុន នឹងជួយបង្កើនការអប់រំដល់កុមារពិការកម្ពុជា

ភ្នំពេញៈ តាមរយៈគម្រោងជំនួយឥតសំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ប្រទេសជប៉ុន បានប្រកាសផ្ដល់ជំនួយឧបត្ថម្ភចំនួន២៥៦,៣១៧ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីលើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារពិការក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដំណាក់កាលទី២។ ជាមួយគម្រោងនេះ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាសហគមន៍ នឹងទទួលបានចំណេះដឹងបន្ថែមអំពីពិការភាព ដែលគម្រោងរំពឹងថា នឹងនាំឲ្យអត្រានៃការចុះឈ្មោះចូលរៀនរបស់កុមារពិការមានចំនួនកើនឡើង។

កញ្ញា តូម៉ូកូ សូណូដា នាយិកាប្រចាំប្រទេសរបស់អង្គការសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន ហៅកាត់ AAR Japan ឲ្យដឹងថា កាលពីឆ្នាំ២០១៣ អង្គការ AAR Japan ទទួលបានភាពជោគជ័យលើការអនុវត្តន៍គម្រោងទីមួយ ក្នុងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាសម្រាប់កុមារពិការ តាមរយៈការបង្កើតឲ្យមានជម្រាលសម្រាប់កុមារពិការនៅក្នុងសាលារៀន និងការរៀបចំឲ្យមានការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កុមារពិការក្នុងស្រុកខ្សាច់កណ្ដាល។ គម្រោងទី១នេះ កុមារពិការជាច្រើនបានចូលរៀននៅគ្រាដំបូងរបស់ពួកគេ ដោយសារមានការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន។

នាយិការូបនេះ បន្តថា ក្នុងគម្រោងទី២ អង្គការ AAR Japan នឹងធ្វើការឆ្លុះបញ្ចាំងនូវលទ្ធផល និងបញ្ហាប្រឈមនានារបស់គម្រោងទី១ ព្រមទាំងបន្តខិតខំប្រឹងប្រែងអនុវត្តនូវសកម្មភាពការងារឲ្យអស់ពីសមត្ថភាព ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ការអប់រំបញ្ជូលគ្នា បន្ទាប់មកនឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសការសិក្សា និងគុណភាពអប់រំនៅទូទាំងប្រទេសកម្ពុជា។

លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ឲ្យដឹងដែរថា គម្រោងរបស់អង្គការ AAR ជប៉ុន សម្រាប់ឆ្នាំនេះ នឹងរៀបចំធ្វើការបំបាត់ឧបសគ្គនានាសម្រាប់ការធ្វើចលនារបស់កុមារពិការនៅក្នុងសាលារៀន រួមជាមួយនឹងការអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាល និងសកម្មភាពតម្រង់ទិសដល់គ្រូបង្រៀនប្រមាណជា៣,៣០០នាក់។ លោកសង្ឃឹមថា គម្រោងនេះ នឹងជួយកែលម្អបរិស្ថានសម្រាប់ជនពិការ និងផ្ដល់ជាអត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគោលដៅ ដើម្បីចូលរួមចំណែកមួយក្នុងការបង្កើនអត្រាចុះឈ្មោះចូលរៀនរបស់កុមារពិការនៅក្នុងសាលារៀនចំនួន៤ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួរជម្រាបថា ការប្រកាសផ្ដល់ជំនួយជាថវិកាចំនួន២៥៦,៣១៧ដុល្លារនេះ បានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានទូតជប៉ុន នាទីក្រុងភ្នំពេញ រវាងលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា ជាមួយកញ្ញា តូម៉ូកូ សូណូដា នាយិកាអង្គការសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ដោយមានតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ជាសាក្សី។

បើតាមលោកឯកអគ្គរាជទូតជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២មក អង្គការ AAR ជប៉ុន បានធ្វើការគាំទ្រដល់ផែនការសកម្មភាពជាច្រើនក្នុងប្រទេសកម្ពុជា ដោយផ្ដោយជាសំខាន់ទៅលើការគាំទ្រជនពិការដូចជា ការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជិវៈ ការផលិត និងការចែកចាយរទេះរុញសម្រាប់ជនពិការជាដើម។ ហើយចាប់តាំងពីឆ្នាំ២០១៣ អង្គការមួយនេះ បាន និងកំពុងធ្វើសកម្មភាពគាំទ្រដល់ថ្នាក់សមាហរណកម្ម ដើម្បីឲ្យសិស្សានុសិស្សទាំងអស់អាចចូលរួមទទួលបានការអប់រំជាមួយគ្នា ដោយមិនមានការរើសអើងរវាងសិស្សពិការ និងសិស្សធម្មតានៅក្នុងខេត្តកណ្ដាល។

ចាប់តាំងពីឆ្នាំ២០០២មក កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ រយៈពេលជាង១០ឆ្នាំនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង២៦,១លានដុល្លារអាមេរិក ដល់គម្រោងចំនួន៩៤គម្រោង ដែលផ្ដោតជាសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន។ គម្រោងនេះ គឺជាគម្រោងទី១ តាមរយៈគ្រោងការណ៍នៃជំនួយនេះសម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៦ របស់ជប៉ុន៕

មតិយោបល់