ព័ត៌មានជាតិ

ចោរស្រីដៃរហ័សឆក់កាបូប និងខ្សែកក្នុងផ្សារថៃ តម្រួតថៃក្របួចជាប់

បាត់ដំបងៈ នារីវ័យក្មេងម្នាក់ដែលជាមុខសញ្ញាចោរឆក់ ត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពចោរឆក់ខ្សែក និងលួចកាបូបលុយនៅក្នុងផ្សារថៃ បង្កឲ្យមានការភ្ញាក់ផ្អើលពេលផ្សារថៃដែលមានទីតាំងជាប់នឹងព្រំប្រទល់ស្រុកសំពៅលូន។

សមត្ថកិច្ចកម្ពុជាបានទៅយករបាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារខៅឌិន ក្បែរច្រកតំបន់គីឡូ១៣ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង មានការឃាត់ខ្លួនជនសង្ស័យម្នាក់ពីសំណាក់តម្រួតថៃ ដែលជនសង្ស័យនោះមានឈ្មោះ សារី ភាស់ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅជិតវត្តអូរជុំ បានធ្វើសកម្មភាលួចកាបូបលុយរបស់ឈ្មោះ យ៉ុង មួយអៀង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ហើយបានបន្តទៅឆក់ខ្សែកផ្លាទីនរបស់ឈ្មោះ ថន ស្រីលន់ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិត្រាវជូរ។

ម្ចាស់កាបូប និងខ្សែកបានឲ្យដឹងថា ខ្សែកមួយខ្សែមានតម្លៃ ២០០០ បាត។ ដោយឡែកម្ចាស់កាបូបមានលុយចំនួន៣៧ម៉ឺនរៀល២៨០បាត។

បន្ទាប់ពីកម្លាំងតម្រួតថៃបានធ្វើការឃាត់ខ្លួននារីវ័យក្មេងជាមុខសញ្ញាចោររួចមក បានឆែកឆេររកឃើញលុយចំនួន៤១ម៉ឺន៣ពាន់រៀល។ក្រោយពីបានត្រួតពិនិត្យរួចមក កម្លាំងតម្រួតថៃមិនទាន់ប្រគល់មុខសញ្ញារូបនេះមកឲ្យសមត្ថកិច្ចកម្ពុជាឡើយ ដោយគេបាននាំខ្លួនដាក់រថយន្តដឹកបញ្ជូនទៅអធិការដ្ឋានសិន ដើម្បីសាកសួរបន្ត៕

មតិយោបល់