ព័ត៌មានជាតិ

បុរសស្រវឹងម្នាក់ បើករថយន្តទៅបុកហាងកាហ្វេមួយកន្លែង មិនព្រមឈប់ក៏បន្តទៅបុកខឿនផ្លូវ រួចប៉ើងរថយន្តទៅបុកដើមក្រញ៉ូងទៀត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ មានករណីរថយន្ត Luxus មួយគ្រឿង បានបើកក្នុងស្ថានភាពស្រវឹងស្រា ទៅបុកហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុអ្នកបើកបរ បានព្យាយាមបើករថយន្តរត់គេចខ្លួន ក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវបែកជាបី កែងនិងផ្លូវលេខ៣៨០ ម្តុំផ្សារបឹងកេងកង អ្នកបើកបរ បត់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវ បណ្ដាលឲ្យរថយន្តហោះផ្លោងទៅបុក ដើមឈើក្រញ៉ូង ដែលនៅមុខផ្ទះប្រជាពលរដ្ឋពេញទំហឹង បង្កឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្តង។

តាមប្រភពពត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា «មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ស្រវឹងស្រាជោកខ្លួន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Luxus RX- 330 ដែលមានពាក់ស្លាកលេខភ្នំពេញ2AP- 2013 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកែងនិងផ្លូវលេខ៣០៦ ក៏បានបើកទៅបុក ហាងកាហ្វេមួយកន្លែង ដែលនៅកែងនិងផ្លូវ រួចអ្នកបើកបរមិនព្រមឈប់ ចុះពីលើរថយន្តមកធ្វើការដោះស្រាយនោះទេ ហើយបានព្យាយាមបើករថយន្តរត់គេចខ្លួន ​ដល់ផ្លូវបែកជាបី កែងនិងផ្លូវលេខ៣៨០ ម្តុំផ្សារបឹងកេង​កង អ្នកបើកបរ បត់ចង្កូតរថយន្តមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវ ធ្វើឲ្យរថយន្តហោះផ្លោងទៅបុកនិងដើមឈើក្រញ៉ូង ដែលនៅមុខផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើតែទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ រីឯអ្នកបើកបររថយន្ត បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។​

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ៕

មតិយោបល់