នៅទីបំផុតកុមារា ធួន ដានុច វ័យ១១ឆ្នាំ ដែលត្រូវគេស្គាល់ខ្លះៗ រួចមកហើយក្នុងកម្មវិធីពេញចិត្តអត់ និងក្នុងកម្មវិធីមួយចំនួនទៀត បូករួមទាំងការបង្ហោះវីដេអូនៅលើ Youtube ដោយសារតែប្អូនអាចច្រៀងត្រាប់ តាមតារាចម្រៀងសុខ ពិសី បានពីរោះនោះ បានឆ្លងផុតវគ្គ The Blind Audition របស់កម្មវិធី The Voice Kids ហើយ សម្រាប់សប្ដាហ៍ចុងក្រោយកាលពីយប់ថ្ងៃទី២៦ សីហា។
ប្អូនទទួលបានកៅអីទាំង៣ ពីគ្រូបង្វឹកដោយសារតែបានបកស្រាយបទចម្រៀង «លើសពីហ្វេន» របស់សុខ ពិសី ហើយមានស្ទីលសំឡេងស្ទើរតែដូចគ្នាបេះបិទ នឹងម្ចាស់ចម្រៀងដើម។ ប្អូនត្រូវបានគេស្គាល់ខ្លះៗ មកហើយតាមរយៈសមត្ថភាពដ៏កម្រនេះ អ៊ីចឹងហើយទើបឱកាសបានជាប់ ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោកលើកនេះ ពិតជាធ្វើអោយកុមារារូបនេះកាន់តែល្បី។
មកទល់ពេលនេះវីដេអូប្រលងចម្រៀងរបស់ប្អូនទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទឹកដមសំលេង និងការប្រជែងពេញចិត្តរបស់គ្រូបង្វឹកទាំង៣។ យ៉ាងណាមិញ ចុងក្រោយប្អូនបានជ្រើសយកលោកព្រាប សុវត្ថិ ធ្វើជាគ្រូបង្វឹក៕
មតិយោបល់