ព័ត៌មានជាតិ

ឲ្យរាង! ជិតក្ស័យ ព្រោះលួចកង់បីគេមិនបានសម្រេច!..

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នា ត្រួតវាយយ៉ាងចាស់ដៃ បន្ទា​ប់ពីធ្វើសកម្មភាពលួច កាច់កម៉ូតូកង់បី របស់គេ ដែលទុកផ្ញើនៅមុខផ្ទះមួយកន្លែងមិនសម្រេចត្រូវម្ចាស់ម៉ូតូកងបីមកដល់ទាន់ ស្រែកផ្អើលពលរដ្ឋវាយរហូតរបួសធ្ងន់ធ្ងរ ស្ទើរតែស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ចំណុចកើតហេតុនៅម្តុំផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

ម្ចាស់ម៉ូតូកង់បីបានឲ្យដឹងថា គាត់មានឈ្មោះ ហ្រ្វាំង ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកងបី បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយនៅមុនពេលកើតហេតុ គាត់បានយកម៉ូតូកងបីរបស់គាត់ មកទុកផ្ញើនៅផ្ទះមួយកន្លែង ដែលជាចំណុចកើតហេតុ ហើយបានទៅចូលរួមកម្មពីធីខួបកំណើតរបស់គេ នៅម្តុំពេទ្យលោកសង្ឃ លុះមកដល់វេលាកើតហេតុ គាត់បានត្រឡប់មកវិញ ក៏បានប្រទះឃើញ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីលែតមួយគ្រឿង មិនចាំស្លាកលេខ បានជិះមកធ្វើសកម្មភាពលួច កាច់កម៉ូតូកងបីរបស់គាត់ ភ្លាមៗនោះ គាត់ក៏បានរត់ទៅឃាត់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែង។
ចំណែកជនសង្ស័យដែលត្រូវម្ចាស់ម៉ូតូកងបីឃាត់បាន ហើយត្រូវបានប្រជាពលរដ្ឋដែលនៅម្តុំកន្លែងកើតហេតុ នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ស្ទើរតែស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទាក់ទងទៅកាន់រថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតឲ្យមកដឹកយកជនសង្ស័យទៅធ្វើការសង្គ្រោះបន្ទាន់ ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែដើម្បីចាត់ការតាមនីតិវីធីច្បាប់ បន្តទៀត៕

មតិយោបល់