ព័ត៌មានជាតិ

ឡង់គ្រីស័រ បើកលឿនរេចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ!

ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹម អេន អធិការស្រុកសៀមប៉ាង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កឡើងដោយរថយន្តឡង់គ្រីស័រ១គ្រឿងបើកបរក្នុងល្បឿនលឿន ក៏រេចង្កូតបណ្តាលឲ្យក្រឡាប់ធ្លាក់ពីលើផ្លូវ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិខិះក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រយន្តបង្កមានម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខភ្នំពេញ 2L-8789 ដោយបើកបរក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ចេញពីផ្លូវ ចំនែកអ្នករួមដំណើរ គឺមិនមានអ្នកណារងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការវាស់វែង និងបានយករថយន្តបង្កទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល៕

មតិយោបល់