ព័ត៌មានជាតិ

ស្ត្រីវៀតណាមម្នាក់ចិត្តក្លាហាន! ខ្ចីម៉ូតូទៅចម្លងសោ ចាំពេលម្ចាស់ចេញផុតគាស់ទ្វារ ធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវៈ កាលពីវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ស្ថិតភូមិត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ឈ្មោះ ច្រាំង គីមស៊ីង ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ស្ថិតភូមិខាងលើ ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកជនរងគ្រោះឈ្មោះ ឆោម សែម ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅផ្ទះជួលបន្ទាប់ជាប់គ្នា។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1L-8243។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង ៦ និង ១០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះយកទៅចំឡងសោ ហើយក៏យកទៅឲ្យម្ចាស់វិញ បន្ទាប់មកជនរងគ្រោះចេញទៅលក់នំជាមួយប្រពន្ធ ជនសង្ស័យក៏យកទល់ល្វីសមួលគន្លឹះទ្វារ រួចលួចយកម៉ូតូទៅបាត់ លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់