ព័ត៌មានជាតិ

Update៖ សាហាវហួស! គ្រាន់តែរឿងបត់ជើងធំ ក្បែរចង្ក្រាន ក្មួយស្ទុះទាញដាវ អារកសម្លាប់ពូថ្លៃខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់!

ភ្នំពេញៈ បុរសរងគ្រោះជាពូសាច់ថ្លៃម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងតែឈ្លោះជាប្រពន្ធរបស់ខ្លួនរឿង បុរសជាប្តីបត់ជើងធំដាក់ក្បែរចង្ក្រានបាយនោះ ហើយក៏ត្រូវបានបុរសជាក្មួយ(ក្មួយខាងប្រពន្ធ)ចេញមកសួរនាំ និងបង្កឲ្យមានជម្លោះតឹងសសៃកដាក់គ្នាបន្តទៀត ក៏ត្រូវបានបុរសជាក្មួយរត់ទៅយកកាំបិតចុងស្រួចយកមកអាករ និងចាក់ជាច្រើនកាំបិតថែមទៀតស្ទើរតែសុះសាច់ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ករណីឃាតកម្មនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មន្ត្រីកងរាជអាវុធហត្ថម្នាក់បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សិទ្ធ ណាក់ ហៅតាយ អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះ អ៊ូច ស្រីនាង អាយុ ជាង៣០ឆ្នាំដែរ មានកូនប្រុសស្រីចំនួន៣នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ បុរសជាក្មួយដៃដល់មានឈ្មោះ សំ សំណាង ហៅ សាធ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា។ មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានទៅបត់ជើងធំដាក់ក្បែរចង្ក្រានបាយ ពេលនោះស្រ្តីជាប្រពន្ធបានឃើញក៏ស្តីឲ្យខ្លាំងៗនៅខាងក្រោមផ្ទះ ធ្វើឲ្យឭដល់បុរសជាក្មួយដែលកំពុងតែនៅលើផ្ទះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសជាក្មួយក៏បានចុះមកធ្វើការសាកសួរ ក៏កើតមានជម្លោះរវាងពូ និងក្មួយកើតឡើងតែម្តង ភ្លាមនោះបុរសជាក្មួយក៏បានរត់ទៅយកកូនកាំបិតចុងស្រួចទៅចាប់អាករ ចាក់ទៅលើផ្នែកទាំងពីរ ទៅលើដើមទ្រូងជាច្រើនកាំបិត បណ្តាលឲ្យប្រកាច់ស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាម ហើយបុរសជាជនដៃដល់ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងកង់រាជអាវុធហត្ថរាជធានៅភ្នំពេញឡោមព័ទ្ធចាប់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ បុរសជាក្មួយសាច់ថ្លៃដៃដល់ជាឃាតកត្រូវបានចាប់បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពរបស់បុរសជាពូរងគ្រោះខាងលើត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តច្បារអំពៅ ក្រោយពីធ្វើកោសល្យវិច័យរួចនោះ៕

មតិយោបល់