ព័ត៌មានជាតិ

មន្រ្តីជំនាញរកឃើញ ដកហូតកម្ទេចចោល នូវស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់ ស្រាស ដែលមានសារធាតុមេតាណុល និងអង្កត្រាំមេ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅតាមបណ្តាដេប៉ូ/ស្តង់លក់ទំនិញនានា ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ បានចុះតាមដានបញ្ហាស្រាថ្នាំចិនសែ តាំងគួយ ស្រាស និងស្រាថ្នាំផ្សេងៗផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលមិនប្រក្រត្រី មួយចំនួន រួមមាន៖

-ស្រាបៀរហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៥៦ កំប៉ុង ស្មើនឹង ៨៤.៤៨ លីត្រ

-ស្រាសដែលមានសារធាតុ មេតាណុល លើសពី ០.៣៥% ចំនួន ១៧ កាន ស្មើនឹង ៥១០ លីត្រ

-អង្កត្រាំមេរួច ចំនួន ៦៣០ គីឡូក្រាម ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់